(រ៉ូម)៖ អាជ្ញាធរសុខាភិបាលអ៉ីតាលីបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣,១៥៣ករណីបន្ថែមទៀត កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាតួលេខទាបបំផុតបើគិតចាប់តាំងពីថ្ងៃទី ០៧ ខែមេសាកន្លងទៅនេះ ប៉ុន្តែចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
មន្ត្រីការពារជនស៊ីវិលអ៉ីតាលីបានបញ្ជាក់ប្រាប់ថា ក្នុងរយៈពេល ២៤ម៉ោង ប្រទេសអ៉ីតាលីមានករណីឆ្លង COVID-19 ថ្មីៗចំនួន ៣,១៥៣ករណី ដែលជាចំនួនទាបបំផុត បើរាប់ចាប់តាំងពីថ្ងៃទី០៧ ខែមេសាកន្លងទៅនេះ។ បូករួមទាំងតួលេខចុងក្រោយនេះ វាបានធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសអ៊ឺរ៉ុបមួយនេះកើនដល់ ១៥៩,៥១៦ករណីហើយនៅទូទាំងប្រទេស។
ដោយឡែកសម្រាប់ករណីស្លាប់វិញ នៅក្នុងរយៈពេលដដែលខាងលើ អ៉ីតាលីបានកត់ត្រាចំនួន ៥៦៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ ២០,៤៦៥នាក់នៅទូទាំងប្រទេស ពោលសម្រាប់ករណីស្លាប់ អ៉ីតាលីនៅតែបន្តរកឃើញថា មានការកើនឡើង បើប្រៀបធៀបនឹងចំនួន ៤៣១នាក់ ដែលបានរាយការណ៍នៅមុននោះមួយថ្ងៃ។ ចំពោះចំនួនអ្នកជាសះស្បើយពី COVID-19 វិញមានសរុប ៣៥,៤៣៥នាក់៕