លោក ដូណាល់ ត្រាំ គ្មានបំណងបណ្តេញមន្ត្រីជំនាញសុខាភិបាលជាន់ខ្ពស់ លោក Anthony Fauci ចេញពីតំណែងឡើយ (Video inside)
14-04-2020 09:10
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃច័ន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោកពេញចិត្តចំពោះមន្ត្រីជំនាញជាន់ខ្ពស់ ផ្នែកសុខាភិបាលរបស់សហរដ្ឋអាមេរិក គឺលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ហើយលោកក៏គ្មានបំណងបណ្តេញលោក Fauci ចេញពីតំណែងនោះដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
ការភ្ញាក់ផ្អើលថា លោក ដូណាល់ ត្រាំ អាចនឹងបណ្តេញលោក Fauci ចេញពីតំណែងខាងលើនេះ គឺបានកើតឡើងបន្ទាប់ពីមន្ត្រីជំនាញជាន់ខ្ពស់ របស់សហរដ្ឋអាមេរិករូបនេះបានថ្លែងថា បើសិនជាមានកិច្ចខិតខំប្រឹងប្រែងតាំងពីដំបូងៗ ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណានោះ សហរដ្ឋអាមេរិកប្រហែលជាអាច សង្គ្រោះជីវិតមនុស្សបានច្រើនជាងនេះ។
ជុំវិញបញ្ហាខាងលើនេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានាថា លោកនឹង និងលោក Fauci ស្ថិតនៅក្នុងទំព័រតែមួយ តាំងតែពីវីរុសបានផ្ទុះឡើងដំបូងៗមកម្ល៉េះ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 សរុប ៥៨៦,៩៤១ករណី ក្នុងនោះស្លាប់ ២៣,៦៤០នាក់ និងជាសះស្បើយវិញ ៣៦,៩៤៨នាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុតលើលោក។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កន្លងមកបានទទួលការរិះគន់ ចំពោះភាពយឺតយ៉ាវ ដែលមិនបានចាត់ចែងទប់ទល់នឹងវីរុសកូរ៉ូណា (COVID-19) តាំងតែពីវីរុសនេះបានផ្ទុះឡើងដំបូងៗ នៅលើទឹកដីអាមេរិក។ នៅក្នុងតំណាក់កាលដំបូងៗ សហរដ្ឋអាមេរិកមានការខ្វះខាតជាខ្លាំង ដូចជាទៅលើការធ្វើតេស្ត និងមន្ទីរពេទ្យជាដើម ដែលជាហេតុធ្វើឲ្យជំងឺ COVID-19 រីករាតត្បាតយ៉ាងគំហុក៕