(អ៉ីរ៉ង់)៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន១១១ករណីថែមទៀត ក្នុងរយៈពេល២៤ម៉ោង នាំឲ្យចំនួនអ្នកស្លាប់សរុប៤,៥៨៥នាក់ នៅទូទាំងប្រទេស, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១៣ ខែមេសានេះ។
ក្រសួងបានឲ្យដឹងដែរថា បានរកឃើញករណីឆ្លងថ្មី ចំនួន១,៦១៧ករណីថែមទៀត នាំឲ្យចំនួនអ្នកឆ្លងវីរ៉ុស កើនឡើងដល់៧៣,៣០៣នាក់ នៅក្នុងប្រទេស។
សរុបមានអ្នកជំងឺ៤៥,៩៨៣នាក់ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ខណៈ៣,៨៧៧នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងទទួលការព្យាបាល។
គិតមកទល់ពេលនេះ អ៉ីរ៉ង់ បានធ្វើតេស្តរកវីរ៉ុស COVID-19 លើប្រជាជនចំនួន២៧៥,៤២៧នាក់។ អ៉ីរ៉ង់បានប្រកាសរកឃើញករណីឆ្លងវីរ៉ុសដំបូង នៅថ្ងៃទី១៩ ខែកុម្ភៈ ហើយជាប្រទេសដែលមានចំនួនអ្នកឆ្លងវីរ៉ុស និងចំនួនអ្នកស្លាប់ ច្រើនជាងគេបំផុត នៅតំបន់មជ្ឈិមបូព៌ា៕