(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទិន្នន័យពីផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់ នៃកម្រិតបំពុលខ្យល់ក្នុងបរិយាកាស នៅតាមតំបន់មានមនុស្សរស់នៅច្រើន នៃភាគឦសានសហរដ្ឋអាមេរិក ចំពេលដែលមនុស្សម្នានាំគ្នាកាត់បន្ថយការធ្វើដំណើរ ដោយសារតែភ័យខ្លាចការឆ្លងរាតត្បាតនៃជំងឺ COVID-19។
២៖ ថ្មីៗនេះ នាវាដឹកយន្តហោះចម្បាំងចិន Liaoning ទើបតែត្រូវបានគេប្រទះឃើញធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈប្រការនេះ បានធ្វើឲ្យក្រុមអ្នកវិភាគយល់ឃើញថា យោធាចិនហាក់គ្រប់គ្រងស្ថានការណ៍នៃវិបត្តិជំងឺ COVID-19 បានល្អប្រសើរឆ្ងាយជាងកងទ័ពជើងទឹកអាមេរិកដែលកំពុង ជួបប្រទះភាពរាំងស្ទះប្រតិបត្តិការនៃនាវាដឹកយន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ខ្លួន ដោយសារតែមានករណីឆ្លង។
៣៖ ក្រសួងសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកស្លាប់ថ្មីដោយសារ COVID-19 ៧១៧នាក់ ក្នុងរយះពេល២៤ម៉ោងចុងក្រោយ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ១១,៣២៩នាក់។
៤៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ត្រូវបានធ្វើតេស្ដអវិជ្ជមាន COVID-19 តែមួយប៉ុណ្ណោះបន្ទាប់ពីលោកបានចេញពីមន្ទីរពេទ្យ។
៥៖ នាថ្ងៃចន្ទនេះកូរ៉េខាងត្បូងបានរាយការណ៍ថា អតីតអ្នកជំងឺ COVID-19 សរុប ១១៦នាក់ហើយ ដែលកន្លងមកត្រូវចាត់ទុកថា ជាសះស្បើយពីជំងឺនេះ ត្រូវបានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ជាថ្មីម្តងទៀត។
៦៖ ក្រោយការស្នើសុំដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន កាលពីខែមីនាកន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបានសម្រេចវេចខ្ចប់ ឧបករណ៍ធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19) ចំនួន ៦០០,០០០កំផ្លេ ដើម្បីដឹកទៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារស្អែកនេះ ស្ថិតក្នុងដំណាក់កាលទី ១៕