Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញ៖ បេសកកម្មរបស់នាវាចម្បាំង Liaoning បង្ហាញថាយោធាចិនគ្រប់គ្រងស្ថានការណ៍នៃវិបត្តិជំងឺ COVID-19 ប្រសើរជាងយោធាអាមេរិក (Video inside)

13-04-2020 21:37

(ប៉េកាំង)៖ ថ្មីៗនេះ នាវាដឹកយន្តហោះចម្បាំងចិន Liaoning ទើបតែត្រូវបានគេប្រទះឃើញធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈប្រការនេះ បានធ្វើឲ្យក្រុមអ្នកវិភាគយល់ឃើញថា យោធាចិនហាក់គ្រប់គ្រងស្ថានការណ៍នៃវិបត្តិជំងឺ COVID-19 បានល្អប្រសើរឆ្ងាយជាងកងទ័ពជើងទឹកអាមេរិកដែលកំពុង ជួបប្រទះភាពរាំងស្ទះប្រតិបត្តិការនៃនាវាដឹកយន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ខ្លួន ដោយសារតែមានករណីឆ្លង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីរាយការណ៍ពីខាងប្រទេសជប៉ុន និងកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះ នាវាដឹកយន្តហោះចម្បាំង Liaoning បានដឹកនាំក្រុមនាវាយោធារបស់ខ្លួន ដែលរួមមាននាវាចម្បាំងប្រភេទ Destroyer ២គ្រឿង នាវាចម្បាំងប្រភេទ Frigate ដែលបំពាក់មីស៊ីល ២គ្រឿង និងនាវាចម្បាំងប្រភេទ Auxiliary ចំនួន១គ្រឿង ត្រូវបានប្រទះឃើញឆ្លងកាត់ច្រកសមុទ្រ Miyako ដែលនៅចន្លោះកោះតៃវ៉ាន់និង ប្រទេសជប៉ុន ដោយមានទិសដៅឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ ដោយឡែគ អ្នកនាំពាក្យយោធាចិននាថ្ងៃចន្ទនេះ បានប្រាប់ថា ក្រុមនាវាដឹកយន្តហោះចម្បាំង Liaoning ទើបធ្វើដំណើរទៅកាន់តំបន់សមុទ្រចិនខាងត្បូង កំឡុងការហ្វឹកហ្វឺនទូទៅរបស់ខ្លួន។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រតិបត្តិការរបស់នាវា Liaoning ធ្វើឡើង ស្របពេលដែលនាវាដឹកយន្តហោះចម្បាំងដល់ ទៅ៤គ្រឿងរបស់សហរដ្ឋអាមេរិក រួមមាន USS Theodore Roosevelt, Ronald Reagan, Carl Vinson និង Nimitz សុទ្ធតែមានករណីឆ្លង COVID-19 ដែលជាហេតុធ្វើឲ្យនាវាទាំងនោះធ្វើប្រតិបត្តិការមិនបានជាបណ្តោះអាសន្ន។ ក្រៅពីអាមេរិក នាវាចម្បាំងដើរដោយថាមពល នុយក្លេអ៊ែររបស់បារាំងមួយគ្រឿងគឺ Charles de Gaulle ក៏មានករណីឆ្លងនៃជំងឺនេះដែរ។

បើតាមការវិភាគរបស់ក្រុមអ្នកជំនាញផ្នែកយោធា ការធ្វើប្រតិបត្តិការរបស់នាវា Liaoning គឺជាការសបញ្ជាក់ឲ្យឃើញថា កងទ័ពចិនធ្វើបាន យ៉ាងល្អ ជុំវិញការងារទប់ស្កាត់ក៏គ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19៕