(អាមេរិក)៖ ទិន្នន័យពីផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់ នៃកម្រិតបំពុលខ្យល់ក្នុងបរិយាកាស នៅតាមតំបន់មានមនុស្សរស់នៅច្រើន នៃភាគឦសានសហរដ្ឋអាមេរិក ចំពេលដែលមនុស្សម្នានាំគ្នាកាត់បន្ថយការធ្វើដំណើរ ដោយសារតែភ័យខ្លាចការឆ្លងរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
ទិន្នន័យបានមកពីឧបករណ៍តាមដានស្រទាប់អូហ្សូន OMI ដែលបំពាក់លើផ្កាយរណប អូរ៉ា (Aura) របស់ NASA បានស្តែងឲ្យឃើញពីការធ្លាក់ចុះនៃឧស្ម័ននីដ្រូសែនឌីអុកស៊ីត (Nitrogen Dioxide) នៅក្នុងបរិយាកាស ដែលជាសារធាតុពុលគ្រោះថ្នាក់ ត្រូវបានបញ្ចេញពីចំហេះឥន្ធនៈហ្វូស៊ីល បម្រើក្នុងវិស័យដឹកជញ្ជូន និងការផលិតថាមពលអគ្គិសនី។
អង្គការ NASA បានបង្ហាញពីការប្រៀបធៀបគ្នារវាងកម្រិតឧស្ម័ន Nitrogen Dioxide អំឡុងខែមីនា ឆ្នាំ២០២០ និងកម្រិតឧស្ម័ន Nitrogen Dioxide ជាមធ្យមនៃខែមីនា ចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៩ ដែលការប្រៀបធៀបគ្នានេះបានឲ្យឃើញថា កម្រិត Nitrogen Dioxide កាលពីខែមុនបានធ្លាក់ចុះប្រមាណជា ៣០ភាគរយ នៅតំបន់ទីប្រជុំជន រួមមានរដ្ឋធានីវ៉ាស៊ីនតោន, ទីក្រុងញូយ៉ក, ទីក្រុង ហ្វីឡាឌែលព្យ៉ា (Philadelphia) និងទីក្រុងបូស្តុន (Boston)។
គួរជម្រាបថា ការថយចុះគួរឲ្យកត់សម្គាល់ស្រដៀងគ្នានេះនៃកម្រិតបំពុលខ្យល់ ព្រោះតែវិបត្តិ COVID-19 ក៏ត្រូវបានមើលឃើញនៅតំបន់ដទៃទៀត នៃពិភពលោកផងដែររួមមានដូចជា ទ្វីបអឺរ៉ុប និងប្រទេសចិន ព្រមទាំងឥណ្ឌាជាដើម៕