(សេអ៊ូល)៖ នាថ្ងៃចន្ទនេះកូរ៉េខាងត្បូងបានរាយការណ៍ថា អតីតអ្នកជំងឺ COVID-19 សរុប ១១៦នាក់ហើយ ដែលកន្លងមកត្រូវចាត់ទុកថា ជាសះស្បើយពីជំងឺនេះ ត្រូវបានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
យោងតាមការប្រកាសរបស់ អគ្គនាយកមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង KCDC នាពេលកន្លងមក ជំងឺនេះប្រហែលជាបានលាប់ឡើងវិញ ជាជាងអ្នកទាំងនោះបានឆ្លងពីអ្នកដទៃ រីឯអ្នកជំនាញផ្សេងទៀតបានយល់ឃើញថា ប្រហែលអាចមានការធ្វើតេស្តមួយចំនួន ដែលមិនអាចយកជាការបាន ឬក៏មាននៅសល់វត្តមាននៃវីរុស នៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកជំងឺ។ និយាយរួមគឺមិនទាន់មានការបកស្រាយ ឲ្យច្បាស់លាស់តែម្តងឡើយ ខណៈកូរ៉េខាងត្បូង និងអង្គការសុខាភិបាលពិភពលោក កំពុងពិសោធន៍រកមើលការពិតនៃករណីបែបនេះ។
គួរជម្រាបថា កាលពីថ្ងៃចន្ទសប្តាហ៍មុន ចំនួនអតីតអ្នកជំងឺ COVID-19 ដែលត្រូវបានធ្វើតេស្តឃើញមានផ្ទុក COVID-19 សាជាថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូងមានត្រឹម ៥១នាក់ប៉ុណ្ណោះ។ សម្រាប់ករណីអ្នកឆ្លងថ្មី ដែលកូរ៉េខាងត្បូងបានរាយការណ៍ កាលពីព្រឹកថ្ងៃចន្ទនេះគឺមាន ២៥នាក់ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១០,៥៣៧នាក់ ក្នុងនោះស្លាប់សរុប ២១៧នាក់ និងជាសះស្បើយសរុប ៧,៤៤៧នាក់៕