(សេអ៊ូល)៖ ក្រោយការស្នើសុំដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន កាលពីខែមីនាកន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបានសម្រេចវេចខ្ចប់ ឧបករណ៍ធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19) ចំនួន ៦០០,០០០កំផ្លេ ដើម្បីដឹកទៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារស្អែកនេះ ស្ថិតក្នុងដំណាក់កាលទី ១។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
ការស្នើសុំរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន ដោយក្នុងនោះលោក ត្រាំ ក៏បានធ្វើការសន្យាមួយចំនួន ចំពោះកូរ៉េខាងត្បូងផងដែរ ដូចជាការអនុញ្ញាតក្រុមហ៊ុនកូរ៉េខាងត្បូងមួយចំនួន ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកជាដើម។
សម្រាប់ឧបករណ៍ធ្វើតេស្តរក COVID-19 ខាងលើនេះ នឹងត្រូវដឹកចេញពីប្រទេសកូរ៉េខាងត្បូង នៅវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃអង្គារ ស្អែកនេះ តាមរយៈយន្តហោះដឹកទំនិញរបស់ទីភ្នាក់ងារចាត់ចែងសង្គ្រោះបន្ទាន់ នៃរដ្ឋាភិបាលសហព័ន្ធអាមេរិក។ ឧបករណ៍ធ្វើតេស្តដំណាក់កាលទី ១ ខាងលើនេះ គឺស្ថិតនៅក្រោមការចំណាយពីរដ្ឋាភិបាលអាមេរិក ខណៈដំណាក់កាលទី ២ នឹងមានចំនួន ១៥០,០០០កំផ្លេទៀត ដែលនឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្ន កំពុងឈរលើកំពូលតារាងតែម្តង ដែលមានករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេបំផុតក្នុងលោក។ យោងតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង ៤៖៣០នាទីល្ងាចថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ អាមេរិកមានករណីឆ្លង COVID-19 សរុប ៥៦០,៤៣៣ករណី ក្នុងនោះស្លាប់ ២២,១១៥នាក់ និងជាសះស្បើយឡើងវិញ ៣២,៦៣៤នាក់៕