(វ៉ាទីកង់)៖ កំឡុងបុណ្យអ៉ីស្តឺរនៃគ្រិស្តសាសនា (Easter Sunday) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្តេច ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) បានធ្វើការបួងសួងពីចម្ងាយ ទៅដល់ជនរងគ្រោះរាប់សែននាក់ ដែលបានបង់ជីវិតដោយជំងឺ COVID-19 នៅជុំវិញពិភពលោក តាមរយៈការ Live វីដេអូចេញពីបុរីវ៉ាទីកង់ដ៏ស្ងាត់ជ្រងំ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
សម្តេច ប៉ាប បានមានព្រះបន្ទូលថា សម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក នេះគឺជាទិវា Easter នៃការស្ថិតនៅឃ្លាតឆ្ងាយពីគ្នា នៅចំពោះមុខសេចក្តីឈឺចាប់ និងទុក្ខលំបាកដែលកំពុងបង្កឡើង ដោយសារជំងឺរាតត្បាតដ៏កាចសាហាវ។ ក្នុងឱកាសនោះសម្តេច ប៉ាប ក៏បានអំពាវនាវឲ្យផ្អាកការប្រយុទ្ធគ្នា នៅតាមតំបន់មានជម្លោះប្រដាប់អាវុធទាំងអស់ជុំវិញពិភពលោក និងបានស្នើឲ្យបន្ធូរបន្ថយបំណុល សម្រាប់ប្រទេសក្រីក្រ។
គួរជម្រាបថា គ្រិស្តសាសនិកកាតូលិកប្រមាណ ១.៣ពាន់លាននាក់ នៅទូទាំងសកលលោក គឺបានស្ថិតក្រោមការស្ថិតនៅឆ្ងាយពីគ្នា នៅពេលដែលសម្តេច ប៉ាប ហ្រ្វង់ស៊ីស បានថ្លែងសារសម្រាប់ទិវានៃសាសនាគ្រិស្តដ៏សំខាន់នេះ ហើយមានព្រះវិហារគ្រិស្តមួយចំនួនតូចប៉ុណ្ណោះដែលនៅបើកទ្វារ។ Easter គឺជាពិធីបុណ្យមួយ ដើម្បីរំលឹកដល់ថ្ងៃរស់ឡើងវិញនៃព្រះយេស៊ូគ្រិស្ត។
យោងតាមទិន្នន័យពីវែបសាយ worldometers.info គិតត្រឹមម៉ោង ០៤៖០០នាទីរសៀលថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លង COVID-19 នៅលើភពផែនដីមាន ១,៨៥៨,៨០០នាក់ ក្នុងនោះស្លាប់១១៤,៦៩៨នាក់ និងជាសះស្បើយ៤២៩,០២០នាក់៕