(អង់ការ៉ា)៖ ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសតួកគី បានកើនឡើងយ៉ាងគំហុកដល់ ៥៦,៩៥៦ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មី ៤,៧៨៩នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមសម្តីរដ្ឋមន្ត្រីសុខាភិបាលតួកគី ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
តាមរយៈគណនី Twitter រដ្ឋមន្ត្រីសុខាភិបាលតួកគី លោក ហ្វាហ៍រ៉េតទីន កូខា (Fahrettin Koca) បានបញ្ជាក់ទៀតថា អ្នកស្លាប់ថ្មីដោយសារ COVID-19 ពេញមួយថ្ងៃអាទិត្យមាន ៩៧នាក់ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ១,១៩៨នាក់ ខណៈអ្នកជំងឺសរុប ៣,៤៤៦នាក់ហើយបានជាសះស្បើយ។
លោក Koca បានបន្ថែមថា តួកគីបានដឹកនាំការធ្វើតេស្ដលើមនុស្ស ៣៥,៧២០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នាំឱ្យអ្នកទទួលការធ្វើតេស្ដ សរុបកើនដល់ ៣៧៦,១០០នាក់ ខណៈអ្នកជំងឺ ៣,៤៤៦នាក់បានជាសះស្បើយ។ ចំណែកឯអ្នកជំងឺ ១,៦៦៥នាក់ទៀតបន្តស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ក្នុងនោះមាន ៩៧៨នាក់ ត្រូវបានបំពាក់ឧបករណ៍ជំនួយការដង្ហើម៕