(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នាព្រឹកថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ប្រទេសចិនបានរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១០៨ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដោយក្នុងនោះមាន ៩៨ករណី ជាករណីនាំចូលពីក្រៅពីប្រទេស ខណៈ ១០ករណីផ្សេងទៀត ជាករណីឆ្លងក្នុងស្រុកតែម្តង ហើយវាត្រូវបានចាត់ទុកជាតួលេខខ្ពស់មួយ មិនធ្លាប់កើតមាននាប៉ុន្មានសប្តាហ៍កន្លងមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំង ១០ករណីខាងលើនេះ មាន ០៧ករណីត្រូវបានរាយការណ៍នៅខេត្តហៃឡុងជាំង (Heilongjiang) និង ០៣ករណីទៀតនៅខេត្តក្វាងទុង (Guangdong)។ ដោយឡែកសម្រាប់ករណីនាំចូលពីក្រៅប្រទេសវិញ បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗទាំង ៩៨ករណីខាងលើនេះ ដែលទើបតែបានរកឃើញកាលពីអាទិត្យម្សិលមិញនេះ គឺវាបានកើនដល់ ១,៣៧៨ករណីហើយនៃករណីនាំចូល COVID-19 មកក្នុងប្រទេសចិន។

តារយៈរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មការសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងទៀតថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ប្រទេសចិនមានអ្នកជំងឺ COVID-19 បានជាសះស្បើយឡើងវិញចំនួន ៨៨នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនសរុប នៃអ្នកជាសះស្បើយបានកើនដល់ ៧៧,៦៦៣នាក់។ នៅក្នុងថ្ងៃជាមួយគ្នា អាជ្ញាធរចិនក៏បានរកឃើញអ្នកស្លាប់ចំនួន ០២នាក់ថ្មីទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ ៣,៣៤១នាក់ ក្នុងចំណោមករណីឆ្លងសរុប ៨២,១៦០ករណី។

និយាយជារួមសម្រាប់ថ្ងៃអាទិត្យ ទី១២ ខែមេសាម្សិលមិញ ចំនួនករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 បានហក់ឡើងបន្តិចមកវិញ ទាំងចំនួនករណីឆ្លងក្នុងស្រុក និងករណីនាំចូលពីក្រៅប្រទេស បើធៀបនឹងចំនួនករណីឆ្លង នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលតែងតែស្ថិតនៅក្រោមខ្ទង់ ៥០ជានិច្ច៕