(សិង្ហបុរី)៖ ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ សិង្ហបុរីបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ២៣៣នាក់បន្ថែមទៀតឯណោះ ដែលប្រការនេះបាននាំឲ្យចំនួនករណីឆ្លង លើប្រទេសដីកោះមួយនេះសរុបកើនដល់ ២,៥៣២ករណី។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
នៅក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ ៥១ករណីគឺជាប្រភេទឆ្លងជាចង្កោមៗ, ១៥ករណីឆ្លងពីអ្នកជំងឺមុនៗ និង ១៦៧ករណីទៀត មិនដឹងថា ពួកគេបានឆ្លងពីប្រភពណាឲ្យបានច្បាស់លាស់នៅឡើយទេ ដោយអាជ្ញាធរកំពុងធ្វើការតាមដានប្រវត្តិអ្នកជំងឺ COVID-19 ទាំងនេះជាបន្តទៀត។
គួរបញ្ជាក់ថា ខណៈករណីឆ្លងសរុបបានកើនឡើងដល់ ២,៥៣២នាក់នោះ អ្នកជាសះស្បើយសរុបវិញក៏បានកើនដល់ ៥៦០នាក់ផងដែរ និងអ្នកជំងឺសរុប ០៨នាក់ស្លាប់៕