(បរទេស)៖ តាមរយៈគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ១១៖៣០នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនករណីឆ្លងដោយសារជំងឺ COVID-19 នៅទូទាំងចក្រភពអង់គ្លេស បានវ៉ាលើសប្រទេសចិនហើយ បន្ទាប់ពីមានមនុស្សថ្មីចំនួនជាង៥០០០នាក់ បានឆ្លង ធ្វើឲ្យចំនួនឆ្លងសរុបចំនួន ៨៤,២៧៩នាក់ ខណៈប្រទេសចិន ដែលជាប្រទេសផ្ទុះជំងឺដ៏សាហាវនេះមុនគេមានចំនួនករណីឆ្លង៨២,០៥២នាក់។

ចំនួនសរុបអ្នកស្លាប់ដោយសារជំងឺ Covid-19 នៅចក្រភពអង់គ្លេស កើនដល់១០,០០០នាក់ហើយដែលនេះបង្ហាញសញ្ញាកាន់តែធ្ងន់ធ្ងរ ខណៈប្រទេសចិនមានចំនួន ៣,៣៣៩នាក់។ ចំណែកមហាអំណាចលេខ១លើលោក គឺសហរដ្ឋអាមេរិក ក៏បានក្លាយទៅជាមហាអំណាចកូវីដផងដែរ ដោយមានអ្នកស្លាប់ និងករណីឆ្លងច្រើនជាងគេបំផុត លើសកលលោក។

គិតត្រឹមថ្ងៃទី១២ ខែមេសានេះ ប្រទេសមហាអំណាចធំៗទាំងសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរឹងមាំ ទាំង៦ប្រទេសជាប់លំដាប់ថ្នាក់ពីលេខ១ ដល់រហូតលេខ៦ ដែលមានចំនួនអ្នកស្លាប់ និងអ្នកឆ្លងច្រើនជាងគេលើពិភពលោក។

១៖ អាមេរិក ករណីឆ្លងកើនដល់ ៥៣៥,៥៩១ករណី, ស្លាប់សរុប ២១,៤០៩នាក់
២៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៦៦,០៩១ករណី, ស្លាប់សរុប ១៦,៩៧២នាក់
៣៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១៥៦,៣៦៣ករណី, ស្លាប់សរុប ១៩,៨៩៩នាក់
៤៖ បារាំង ករណីឆ្លងកើនដល់ ១២៩,៦៥៤ករណី, ស្លាប់សរុប ១៣,៨៣២នាក់
៥៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ១២៥,៩៧៥ករណី, ស្លាប់សរុប ២៩០៧នាក់
៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ៨៤,២៧៩ករណី, ស្លាប់សរុប ១០,៦១២នាក់

តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រីក្រ សេដ្ឋកិច្ចមិនរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕