(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតែអនុវត្តគោលការណ៍ផាកពិន័យកាន់តែធ្ងន់ជាងមុន លើអ្នកល្មើសបម្រាមពាក់ព័ន្ធការ ទប់ស្កាត់ជំងឺ COVID-19 ខណៈនៅថ្ងៃអាទិត្យនេះ ឥណ្ឌូណេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងចំនួន៣៩៩នាក់ទៀត ដែលជា អត្រាដ៏ខ្ពស់បំផុតមួយ ហើយអ្នកជំងឺ៤៦នាក់ទៀតក៏បានស្លាប់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។
យោងតាមការបញ្ជាក់របស់អាជ្ញាធរទីក្រុងហ្សាការតា ដែលជាចំណុចមានការរាលដាលខ្លាំងជាងគេ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ជនដែលបំពានបម្រាមទាក់ទង COVID-19 រួមមានការហាមមិនជួបជុំគ្នាច្រើនជាង៥នាក់ ការកាត់បន្ថយចំនួនអ្នកជិះក្នុងរថយន្ត លក្ខណៈគ្រួសារ ការទទួលទានអាហារក្នុងភោជនីយដ្ឋានផ្ទាល់ ជាដើមនោះ ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់រហូតដល់ទៅ ជាង៦,៣០០ដុល្លារអាមេរិក និងការជាប់ពន្ធនាគាររយៈពេលយូរបំផុត១ឆ្នាំ។ ប្រជាជនក្នុងទីក្រុងភាគច្រើនតម្រូវឲ្យស្នាក់នៅក្នុងផ្ទះ ហើយប្រសិនចាំបាច់ចេញក្រៅ គឺត្រូវពាក់ម៉ាសជាប់ជានិច្ច។
គួរជម្រាបថា បូកជាមួយតួលេខថ្មីនាថ្ងៃអាទិត្យនេះ ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានកើនដល់៤,២៤១នាក់ ក្នុងនោះស្លាប់៣៧៣នាក់៕