(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នាថ្ងៃអាទិត្យនេះ បាននិយាយថា លោកជំពាក់ជីវិតរបស់ខ្លួនលើក្រុម គ្រូពេទ្យដែលបានជួយសង្រ្គោះរូបលោក ដែលវាជាការបញ្ចេញមតិយោបល់លើកដំបូង គិតចាប់តាំងពីរូបលោកបានចាកចេញ ពីបន្ទប់សង្រ្គោះបន្ទាន់ដើម្បីព្យាបាល COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នាថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។
លោក Johnson ដែលកំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ St Thomas នៃទីក្រុងឡុងដ៍ បាននិយាយសំដៅលើក្រុមគ្រូពេទ្យ នៅទីនោះដូច្នេះថា «ពាក្យអរគុណគឺមិនសមល្មមនឹងអ្វីដែលពួកគេបានធ្វើសម្រាប់រូបខ្ញុំឡើយ ពោលគឺខ្ញុំបានជំពាក់ជីវិតលើពួកគេ »។ លោក Boris Johnson ដែលមានអាយុ៥៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីមួយសប្តាហ៍មុន ដោយសារតែលោក នៅបន្តចេញរោគសញ្ញា COVID-19 មិនបាត់ ហើយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកត្រូវបានបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ ហើយចំណាយពេល៣ថ្ងៃនៅទីនោះ មុនពេលចេញមកវិញ។
គួរជម្រាបថា ក្រោយចេញមកវិញបានមួយថ្ងៃ លោកនាយករដ្ឋមន្រ្តីអង់គ្លេស ក៏អាចក្រោកឈរហើយដើរវិញបាន ដែលក្រុមមន្រ្តី លោកចាត់ទុកថា ជាដំណាក់កាលដំបូងឆ្ពោះទៅរកការជាសះស្បើយឡើងវិញ។ ចំណែក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ពាក់ព័ន្ធ ស្ថានភាពសុខភាពរបស់លោក ខាងការិយាល័យ Downing Street (ការិយាល័យរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស) បានប្រាប់ ថា ស្ថានភាពកំពុងបន្តឆ្ពោះទៅរកភាពប្រសើរឡើង។ បច្ចុប្បន្ន រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab កំពុងកាន់ការងារជំនួសលោកជាបណ្តោះអាសន្ន៕