(បាងកក)៖ នាថ្ងៃអាទិត្យនេះ ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៣ករណីថ្មី ហើយប្រជាជនខ្លួន៣នាក់ ទៀតបានបាត់បង់ជីវិត ស្របពេលដែលអាជ្ញាធរថៃបន្តទទូចហើយទទូចទៀត កុំឲ្យមានការជួបជុំប្រមូលផ្តុំ ក្នុងឱកាសចូលឆ្នាំថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ បានបញ្ជាក់ថា អ្នកជំងឺ៣នាក់ដែលទើបតែស្លាប់ គឺជាជនជាតិថៃទាំងអស់ រួមមានបុរសអាយុ៧៤ឆ្នាំ និង៤៤ឆ្នាំ ព្រមទាំងទាំងស្រ្តីអាយុ៦៥ ឆ្នាំ។ បើ តាមលោក Taweesilp អត្រាករណីឆ្លងថ្មី៣៣នាក់នោះ គឺជាតួលេខដ៏ទាបមួយ និងជាការថយចុះ៥ថ្ងៃជាប់គ្នាហើយ គិតចាប់តាំងពី ថ្ងៃទី០៨ ខែមេសា ដែលមាន១១១ករណី។ អត្រាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ប្រទេសថៃ គឺ១៨៨ករណី កាលពីថ្ងៃទី២២ ខែមីនា។
យ៉ាងណាមិញ លោក Taweesilp បានបន្ថែមថា គ្រប់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយមិនអាចធ្វេសប្រហែស ឬមើលស្រាល ស្ថានការណ៍ដាច់ខាត ជាពិសេសនៅចំពោះមុខការមកដល់នៃបុណ្យសង្រ្កានចូលឆ្នាំថ្មី ដែលបើតាមទំនៀមទម្លាប់ត្រូវប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ស្អែកនេះ បើទោះជាពិធីអបអរផ្លូវការ និងថ្ងៃឈប់សម្រាក ត្រូវបានរដ្ឋាភិបាលថៃសម្រេចលើកទៅពេលក្រោយក៏ដោយ។
លោក Taweesilp បានស្នើកុំឲ្យមានការប្រមូលផ្តុំលេងជះ-បាញ់ទឹកដូចរាល់ឆ្នាំ ព្រោះវាអាចបង្កហានិភ័យនៃការឆ្លងរាលដាលជំងឺ COVID-19 កាន់តែខ្លាំង ហើយលោកក៏បានព្រមានចាត់ការតាមផ្លូវច្បាប់ទៅលើការប្រមូលផ្តុំជួបជុំគ្នាផងដែរ កំឡុងឱកាសចូលឆ្នាំ ខណៈដែលបច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្រោមគ្រាអាសន្ន។ អ្នកល្មើសបម្រាមទៅប្រមូលគ្នា អាចប្រឈមការពិន័យជាប្រាក់រហូត ដល់១០០,០០០បាត (ជាង៣,០០០ដុល្លារអាមេរិក) និងការជាប់ពន្ធនាគារ១ឆ្នាំ។
គួរជម្រាបថា យោងតាមតួលេខនាថ្ងៃអាទិត្យនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសថៃ បានបន្តកើនដល់២,៥៥១នាក់ ក្នុងនោះ៣៨នាក់ស្លាប់ និងជាសះស្បើយ១,២១៨នាក់។ ក្នុងចំណោមរាជធានី-ខេត្តសរុប៧៧របស់ថៃ ៦៨រាជធានី-ខេត្តមានករណី ឆ្លងជំងឺនេះ ៕