(វ៉ាស៊ីនតោន)៖ វាជាលើកទីមួយហើយក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ដែលគ្រោះមហន្តរាយទ្រង់ទ្រាយធំ ត្រូវបានប្រកាសនៅ គ្រប់រដ្ឋទាំងអស់របស់អាមេរិក ស្របពេលដែលកំពូលមហាអំណាចមួយនេះ កំពុងបន្តរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID-19 ដោយបានក្លាយជាប្រទេស ដែលមានចំនួនអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបង្អស់លើលោក។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានសម្រេចអនុញ្ញាតឲ្យចេញសេចក្តីប្រកាសគ្រោះមហន្ត រាយហៅថា Major Disaster Declaration សម្រាប់រដ្ឋ Wyoming ដែលប្រការនេះធ្វើឲ្យការប្រកាសគ្រោះមហន្តរាយបែបនេះ មាន នៅគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ក្នុងពេលព្រមគ្នាដោយសារតែការឆ្លងរាតត្បាតនៃ COVID-19។ បើតាមអាជ្ញាធរអាមេរិក វាគឺជាលើកដំបូងបំផុត មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តអាមេរិក។
គួរជម្រាបថា យោងតាមការបញ្ជាក់របស់សេតវិមាន តាមរយៈការប្រកាសគ្រោះមហន្តរាយបែបនេះ រដ្ឋាភិបាលសហព័ន្ធអាមេរិក នឹងអាចផ្តល់កញ្ចប់ថវិកាក៏ដូចជាជំនួយបន្ទាន់ផ្សេងៗ ដល់រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល នៅតាមរដ្ឋនីមួយៗរបស់សហរដ្ឋ អាមេរិក។ សម្រាប់តួលេខអ្នកឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិកវិញ នាពេលនេះ បានកើនលើស៥៣៣,០០០នាក់ ក្នុងនោះស្លាប់ដល់ទៅជាង២០,៥០០នាក់៕