(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស នាចុងសប្តាហ៍នេះ បានឲ្យដឹងថា ស្ថានភាពសុខភាពរបស់លោក Boris Johnson កំពុងបន្តឆ្ពោះទៅរកភាពប្រសើរឡើងវិញពីជំងឺ COVID-19 តែលោកនាយករដ្ឋមន្រ្តី កំពុងបន្តស្ថិតក្នុងមន្ទីរពេទ្យដដែល ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Johnson អាចដើរបាននៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីលោកបានចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់ ហើយឥឡូវស្ថានភាពរបស់លោកកំពុងតែបន្តប្រសើរឡើង ក៏ប៉ុន្តែលោកអាចត្រូវចំណាយពេលមួយរយៈ ដើម្បីឲ្យរឹងមាំឡើងវិញ ទាំងស្រុងនៅក្នុងមន្ទីរពេទ្យ។
គួរជម្រាបថា លោក Boris Johnson ត្រូវបានធ្វើតេស្តវិជ្ជមាននៃ COVID-19 កាលពីថ្ងៃទី២៦ ខែមីនា ហើយបន្ទាប់ពីរយៈពេល ១០ថ្ងៃកន្លងផុតទៅ លោកនៅតែចេញរោគសញ្ញាដដែល ទីបំផុតលោកក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី០៥ ខែមេសា ហើយនៅថ្ងៃទី០៦ ខែមេសា លោកក៏ត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) និងបំពាក់ឧស្ម័នអុកស៊ីហ្សែន ដើម្បីជំនួយដល់ការដកដង្ហើម។ លោកបានចំណាយពេល៣ថ្ងៃនៅទីនោះ មុនពេលចាកចេញពី ICU វិញនៅថ្ងៃ០៩ ខែមេសា។
បច្ចុប្បន្ន រដ្ឋមន្រ្តីការបរទេសលោក Dominic Raab កំពុងកាន់ការងារជំនួសលោកជាបណ្តោះអាសន្ន ខណៈដែលអត្រាអ្នកស្លាប់ ដោយសារ COVID-19 នៅទូទាំងចក្រភពអង់គ្លេស ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺខ្ពស់ខ្លាំងដល់ទៅជិត១,០០០នាក់ ២ថ្ងៃជាប់គ្នា មកហើយ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ក្បែរ១០,០០០នាក់ ក្នុងចំណោមអ្នកឆ្លងជិត៨០,០០០នាក់៕