(ដាម៉ាស)៖ កងទ័ពសហរដ្ឋអាមេរិក បានចល័តរថយន្តចំនួន ៣៥គ្រឿង ដែលផ្ទុកទៅដោយគ្រឿងបរិក្ខាយោធាមានដូចជា សំលៀកបំពាក់កងទ័ពជាដើម និងគ្រឿងបរិក្ខាសំខាន់ៗជាច្រើនមុខទៀត ទៅកាន់មូលដ្ឋានទ័ពហាសាកាហ៍ (Hasakah) ស្ថិតនៅខេត្តភាគឦសាន ប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។
របាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនបរិក្ខាយោធានោះរួមមាន រថពាសដែក សម្ភារៈទ្រទ្រង់កងទ័ព និងបរិក្ខាយោធាចាំបាច់មួយចំនួនទៀត ដែលត្រូវបានដឹកនាំពីមូលដ្ឋានទ័ពអាមេរិក នៅក្នុងខេត្ត ឌែរអាល់ហ្សួរ (Deir al-Zour) ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់។
យោងតាមសារព័ត៌មានរដ្ឋស៊ីរី សាណា (SANA) នាប៉ុន្មានខែចុងក្រោយនេះ សហរដ្ឋអាមេរិកបានបញ្ជូនរថពាសដែករាប់ពាន់គ្រឿង និងសព្វាវុធផងដែរ ទៅកាន់មូលដ្ឋានទ័ព Hasakah នៅភាគឦសានស៊ីរី ដើម្បីជួយដល់ក្រុមប្រឆាំង រដ្ឋាភិបាលស៊ីរី SDF ដែលកំពុងកាន់កាប់ទឹកដីនៅតំបន់នេះ៕