(ម៉ានីល)៖ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤,៤២៨ករណីហើយ ក្រោយពីអ្នកឆ្លងជំងឺនេះ ២៣៣នាក់ថ្មីទៀត ទើបត្រូវបានប្រកាសចេញនៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
មន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ក៏បានកើនឡើងដល់ ២៤៧នាក់ផងដែរ ខណៈអ្នកជាសះស្បើយឡើងវិញ គឺមានត្រឹមតែ ១៥៧នាក់ប៉ុណ្ណោះ នៅក្នុងចំណោមករណីឆ្លងសរុបទាំង ៤,៤២៧ករណីខាងលើ។
គួរបញ្ជាក់ថា ការប្រកាសព័ត៌មានរបស់អាជ្ញាធរសុខាភិបាលហ្វីលីពីន គឺត្រូវបានធ្វើឡើងដើម្បីច្រានចោលព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមថា ក្រសួងសុខាភិបាលហ្វីលីពីនបានចេញបញ្ជា ឲ្យមន្ទីរពេទ្យក្នុងរដ្ឋធានីម៉ានីល បញ្ឈប់ការរាប់ចំនួនមនុស្សស្លាប់៕