(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានអះអាងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិកនឹងស្ថិតនៅក្រោមចំនួន ដែលបានព្យាករណ៍ទុករបស់ក្រុមមន្ត្រីជំនាញថា ពលរដ្ឋនៅអាមេរិកនឹងស្លាប់យ៉ាងហោចណាស់ ១០០,០០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK នារសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានធ្វើការអះអាងបែបនេះ នៅចំពោះមុខក្រុមអ្នកកាសែត នៅឯសេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយលោកថែមទាំងបានលើកឡើងថា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នៅទូទាំងប្រទេសមានសភាពរាបស្មើ ដែលបង្ហាញថា សហរដ្ឋអាមេរិកជិតដល់ចំណុចកំពូលនៃការឆ្លងជំងឺនេះហើយ។
លោកប្រធានាធិបតីរូបនេះ បានបន្ថែមទៀតថា ស្ថានការណ៍នៅក្នុងរដ្ឋមីឈីហ្គែន (Michigan ) និងរដ្ឋល្វីសសៀណា (Louisiana) ដែលគេរាប់ថា ជារដ្ឋដែលមានអ្នកឆ្លង និងស្លាប់ច្រើនរបស់សហរដ្ឋអាមេរិក ឥឡូវនេះកំពុងមានស្ថានភាព នឹងនរឡើងវិញហើយ។ ទន្ទឹមនឹងនោះលោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា យុទ្ធសាស្ត្ររដ្ឋបាលរបស់លោក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បាននិងកំពុងទទួលបានផ្លែផ្កា។
គួរជម្រាបថា កាលពីដើមសប្តាហ៍មុនលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី (Anthony Fauci) ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមានទទួលបន្ទុកផ្នែកជំងឺឆ្លងបានព្យាករណ៍ថា ពលរដ្ឋអាមេរិកយ៉ាងហោចណាស់ពី ១០០,០០០នាក់ទៅ ២៤០,០០០នាក់ នឹងស្លាប់ដោយជំងឺឆ្លង COVID-19 ខណៈមនុស្ស ១លាននាក់នឹងឆ្លងជំងឺនេះ។ បើតាមតួលេខចុងក្រោយពី worldometer ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកមាន ៥០៣,១៧៧ករណី ក្នុងនោះស្លាប់ ១៨,៧៦១នាក់ស្លាប់ និង ២៧,៣១៤ជាសះស្បើយ៕