(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានឱ្យបណ្ដាប្រទេសទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការលុបចោល ឬបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 «លឿនរហ័សពេក» ក្នុងកាលៈទេសៈបច្ចុប្បន្ន ព្រោះវាអាចនឹងបង្កឱ្យ មនុស្សស្លាប់កាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។
ការព្រមានខាងលើរបស់លោក Tedros ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីប្រទេសមួយចំនួន ដូចជា អ៉ីតាលី និងអេស្ប៉ាញជាដើម បង្ហើបពីចេតនាបន្ធូរបន្ថយវិធានការបិទប្រទេស។ ថ្លែងនាឱកាសនោះ លោកប្រមុខ WHO បានគូសបញ្ជាក់ដូច្នេះថា៖ «WHO ពិតជា ចង់ឃើញការលុបចោល ឬការបន្ធូរបន្ថយការរឹតត្បិត។ ប៉ុន្តែ កាលៈទេសបច្ចុប្បន្ន ការលុបចោល ឬការបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំង COVID-19 លឿនរហ័សពេក អាចនឹងបង្កឱ្យមនុស្សស្លាប់កាន់តែច្រើនឡើង»។
លោកបន្ថែមថា លោកស្វាគមន៍ ការថយចុះចំនួនអ្នកស្លាប់ និងឆ្លង នៅក្នុងប្រទេសអឺរ៉ុប ដូចជាអ៉ីតាលី, អាល្លឺម៉ង់, អេស្ប៉ាញ និងបារាំង តែ COVID-19 នៅតែអាចបង្ក គ្រោះថ្នាក់នៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសគឺវាអាចនឹងឆ្លងជាសហគមន៍ នៅក្នុងប្រទេសចំនួន១៦ នៃតំបន់អាហ្វ្រិក។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ៣៖២០នាទីរសៀលនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនដល់ ១,៧០៣,០១៨នាក់ ក្នុងនោះស្លាប់ ១០២,៨៤៣នាក់ និងជាសះស្បើយ ៣៧៧,០៩០នាក់៕