(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានសហការគ្នា ក្នុងការបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ ដើម្បីបន្ថែមទៅក្នុងកម្មវិធីស្មាតហ្វូនរបស់ពួកគេ ដែលមាន មុខងារ ជូនដំណឹងដល់អ្នកប្រើប្រាស់ ប្រសិនបើពួកគេមានទំនាក់ទំនង ឬស្ថិតនៅក្បែរអ្នកដែលមានផ្ទុកជំងឺ COVID-19 ដោយវាមានសក្តានុពលក្នុងការតាមដានមនុស្ស ប្រមាណជាមួយភាគបី នៃចំនួនប្រជាជនសរុប នៅលើសកលលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។
កម្មវិធីថ្មីខាងមានបំពាក់ជាមួយប្រព័ន្ធ Contact-tracing។ កម្មវិធីថ្មីនេះត្រូវបានបង្កើតឡើង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 តាមរយៈការជូនដំណឹងដល់អ្នកប្រើប្រាស់ថា ពួកគេគួរតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែក បន្ទាប់ពីពួកគេបានប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលមានផ្ទុកជំងឺឆ្លងនេះ។
នេះមានន័យថា ប្រសិនបើអ្នកដែលបានទាញយកកម្មវិធីទូរស័ព្ទនេះមកប្រើប្រាស់ តេស្តឃើញវិជ្ជមានចំពោះ COVID-19 ហើយបានបន្ថែមទិន្នន័យ នេះចូលទៅក្នុងកម្មវិធី សុខភាពសាធារណៈរបស់ពួកគេ នោះអ្នកដែលប្រើប្រាស់ដទៃទៀត ដែលពួកគេមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នា ក្នុងរយៈពេល ១៤ថ្ងៃមុន នឹងត្រូវបានជូនដំណឹងឲ្យនៅដាច់ដោយឡែក។ វាជាតំណាក់កាលទី១ ដែលនឹងអាចដាក់ឲ្យប្រើប្រាស់នាពាក់កណ្តាលខែឧសភា ខាងមុខនេះ។
ដោយឡែក សម្រាប់តំណាក់កាលទី២ ត្រូវការចំណាយពេលយូរជាងនេះ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ក្រុមហ៊ុនទាំងពីរ នឹងបន្ថែមប្រព័ន្ធបច្ចេកវិទ្យាចូលទៅក្នុង ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ដោយផ្ទាល់តែម្តង ដោយមិនចាំបាច់ពួកគេ Download ទាញយកនោះទេ។ ពោលរាល់ទូរស័ព្ចទាំងអស់ទាំងប្រព័ន្ធ IOS របស់ក្រុមហ៊ុន Apple ឬ Android របស់ Google នឹងមានភ្ជាប់មកជាមួយស្រាប់នូវកម្មវិធីនេះតែម្តង។ តាមរយៈកម្មវិធីនេះមនុស្សប្រមាណ៣ពាន់លាន ដែលស្មើនឹង មួយភាគបី នៃប្រជាជនសរុបលើពិភពលោក នឹងស្ថិតក្រោមប្រតិបត្តិការកម្មវិធីថ្មីនេះ៕