(សេអ៊ូល)៖ រដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះបានសម្រេចបិទរង្គសាល រួមទាំងក្លឹបកម្សាន្តរាប់រយកន្លែង ដោយសារតែក្តីព្រួយបារម្ភជុំវិញការឆ្លង COVID-19 បើទោះជាអត្រាអ្នកឆ្លងប្រចាំថ្ងៃ នៅទូទាំងប្រទេសមានការធ្លាក់ចុះនៅកម្រិត​ទាបក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

សេចក្តីសម្រេចខាងលើត្រូវបានប្រកាសដោយអភិបាលក្រុងសេអ៊ូល លោក Park Won-soon កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយ​ស្រ្តី២នាក់ជាបុគ្គលិកបម្រើការនៅរង្គសាលមួយកន្លែង ក្នុងសង្កាត់ Gangnam ដែលសម្បូរទៅដោយរង្គសាល និងក្លឹបកម្សាន្តនោះ ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុក COVID-19។

បើតាមលោក ​Park កន្លែងកម្សាន្តសរុប៤២២កន្លែងនៅទីក្រុងសេអ៊ូល ត្រូវបានបង្គាប់ឲ្យបិទទ្វាររហូតដល់យ៉ាងតិចថ្ងៃទី​១៩ ខែមេសា ខណៈកន្លងមកកន្លែងកម្សាន្តបែបនេះ ជិត១,៧០០កន្លែង បាននាំគ្នាបិទទ្វារ ឬផ្អាកប្រតិបត្តិការដោយខ្លួនឯង ក្រោម​​អនុសាសន៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាជ្ញាធរសេអ៊ូល ប៉ុន្តែរាប់រយកន្លែងទៀតនៅបន្តបើក។

គួរជម្រាបថា សម្រាប់ចំនួននៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង គិតត្រឹមថ្ងៃសុក្រនេះ គឺមាន១០,៤៥០នាក់ ក្នុងនោះស្លាប់២០៨នាក់ និងជាសះស្បើយ៧,១១៧នាក់៕