(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលីលោក ហ្គីសេបប៉េ ខុនតេ (Giuseppe Conte) កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងរ៉ូម) បានប្រកាសពីការសម្រេចចិត្ត ពង្រីកថេរវេលានៃការអនុវត្តវិធានការបិទទ្វារប្រទេស នៅចំពោះមុខជំងឺ COVID-19 រហូតដល់ថ្ងៃទី០៣ ខែឧសភាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

ការធ្វើសេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាថ្នាក់ជាតិមួយ ដែលមានរយៈពេល ៣២នាទី ដោយលោកនាយករដ្ឋមន្ត្រី Conte កាលពីម្សិលមិញនេះ។

ស្របពេលដែលនាយករដ្ឋមន្ត្រី បានប្រកាសពន្យារពេលបន្ថែមចំពោះវិធានការបិទទ្វាប្រទេស ដែលត្រូវបានអនុវត្តជាលើកដំបូងកាលពីថ្ងៃ១០ ខែមីនាកន្លងទៅនេះ លោកក៏បានចេញនូវបទបញ្ជាថ្មីមួយផ្សេងទៀតផងដែរ ដោយបានសម្រួលឲ្យបើកឡើងវិញនូវហាងលក់ទំនិញសម្រាប់កុមារ ក៏ដូចជាហាងលក់គ្រឿងសម្ភារៈការិយាល័យ និងសៀវភៅជាដើម។

លោក Conte បាននិយាយថា លោកសង្ឈឹមថាការពន្យារពេល នៃការដកចេញនូវវិធានការបិទទ្វារប្រទេសរហូតដល់ថ្ងៃទី០៣ ខែឧសភាលើកនេះ គឺជាការពន្យារពេលលើកចុងក្រោយ។ លោកនាយករដ្ឋមន្ត្រីរូបនេះក៏សង្កត់ធ្ងន់ដែរថា «យើងប្តេជ្ញាថានឹងបន្ធូរបន្ថយវិធានការ ដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ចរស់ឡើងវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែនៅពេលនេះ យើងមិនទាន់អាចធ្វើដូច្នេះបាននៅឡើយទេ»

គួរជម្រាបថា បើតាមគេហទំព័រ worldometers.info ចំនួនអ្នកឆ្លង COVID-19 នៅប្រទេសអ៉ីតាលីបានកើនឡើងដល់ ១៤៧,៥៧៧ ករណីហើយនៅទូទាំងប្រទេស ដោយឈរលំដាប់ថ្នាក់លេខ ៣ នៅទូទាំងសកលលោក ដែលមានចំនួនឆ្លងច្រើនជាងគេបំផុត។ ប៉ុន្តែប្រទេសអ៊ឺរ៉ុបមួយនេះនៅតែជាអ្នកនាំមុខតារាង នៃបណ្តាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត ដោយមានចំនួនរហូតដល់ ១៨,៨៤៩នាក់៕