(វ៉ាស៊ីនតោន)៖ សាកលវិទ្យាល័យអាមេរិក ចន ហបឃីន (Johns Hopkins) បានបញ្ជាក់ឲ្យដឹងថា ចំនួនមនុស្សស្លាប់នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ​នៅទូទាំងសហរដ្ឋអាមេរិក​​មានចំនួនរហូតដល់ ២,១០៨នាក់បន្ថែមទៀត​ដែលជាតួលេខស្លាប់ច្រើនបំផុតប្រចាំថ្ងៃដំបូងគេលើលោក។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៥០២,៣១៨ករណី ក្នុងនោះស្លាប់ ១៨,៧២៥នាក់ និងជាសះស្បើយវិញ ២៧,៣១៤នាក់។ បើពិនិត្យតាមតួលេខចុងក្រោយពី Worldometer ក្នុងចំណោមករណីឆ្លងទូទាំងពិភពលោក ១.៦៩លាននាក់ សហរដ្ឋអាមេរិករ៉ាប់រងរហូតដល់កន្លះលាននាក់តែឯងទៅហើយ។ បន្ថែមពីនេះ​បើពិនិត្យមើលលើអត្រានៃមនុស្សស្លាប់វិញ សហរដ្ឋអាមេរិកនឹងលោតរំលងអ៉ីតាលី​ក្លាយជាប្រទេសមានមនុស្សស្លាប់​ច្រើនជាងគេបំផុតដោយសារជំងឺ COVID-19 ក្នុងពេលឆាប់ៗជាមិនខាន។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា មហាអំណាចមួយនេះអាចនឹងកាត់បន្ថយ​ចំនួនមនុស្សស្លាប់ឲ្យមកនៅក្រោម ១០០,០០០នាក់នៃការព្យាករណ៍៕