(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤៦ករណីបន្ថែមទៀតនៅទូទាំងប្រទេសតែម្តង។ ប៉ុន្តែក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤៦ករណីនេះមានតែ ០៤ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំងបួនករណីខាងលើនេះ មាន ០៣ករណីត្រូវបានរាយការណ៍នៅខេត្តក្វាងទុង (Guangdong) និង ០១ករណីទៀតនៅខេត្តហៃឡុងជាំង (Heilongjiang)។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៥២៥នាក់ហើយ ដោយក្នុងនោះ ៧០នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសុក្រម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៩៥៣ករណី ក្នុងនោះ ៣,៣៣៩នាក់បានបាត់បង់ជីវិត។

និយាយជារួមសម្រាប់ថ្ងៃសុក្រ ទី១០ ខែមេសា ម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៤៦ករណីប៉ុណ្ណោះ ហើយក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤៦ករណីនេះទៀតសោត គឺមានតែ ០៤ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ ០៣នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង៕