(ប៉ារីស)៖ ចំនួនមនុស្សស្លាប់ពេញមួយថ្ងៃសុក្រម្សិលមិញ ដោយសារ COVID-19 នៅក្នុងប្រទេសបារាំងមានសរុបរហូតដល់ ៩៨៧នាក់់ ឬស្មើនឹងអត្រា ៨ភាគរយ ដែលប្រការនេះបានធ្វើឱ្យអ្នកចំនួនស្លាប់សរុបហក់ឡើងដល់ ១៣,១៩៧នាក់។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលបារាំង ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបារាំងបានឱ្យដឹងទៀតថា ចំនួនមនុស្សចាស់ដែលបានបាត់បង់ជីវិតនៅតាមមណ្ឌលថែទាំចាស់ជរា ក៏បានកើនឡើងផងដែរ ប៉ុន្តែសម្រាប់អ្នកជំងឺ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់វិញបានថយចុះ ខណៈវិធានការបិទប្រទេស កំពុងលេចចេញជាលទ្ធផលជាបណ្ដើរៗ។

បន្ថែមពីខាងលើនេះ ចំនួនករណីឆ្លង COVID-19 សរុបនៅបារាំងបានកើនដល់ ១២៤,៨៦៩ករណី បន្ទាប់ពីអ្នកឆ្លងថ្មីៗ ៧,១២០នាក់ទៀតត្រូវបានរាយការណ៍ ហើយអ្នកជាសះស្បើយមានសរុប ២៤,៩៣២នាក់៕