(ញូយ៉ក)៖ កោះតូចមួយនៅក្បែររដ្ឋញូយ៉កមានឈ្មោះថា ហាត (Hart Island) បាននិងកំពុងក្លាយជាទីកន្លែងបញ្ចុះសាកសពអ្នកជំងឺ COVID-19 កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។ រណ្តៅធំៗត្រូវបានជីកជាបន្តបន្ទាប់ ហើយក្នុងនោះគេឃើញក្តាមឈូសត្រូវបានដាក់តម្រៀបពីលើគ្នា និងបន្តតាមលំដាប់លំដោយ មុននឹងត្រូវគ្រឿងចក្រកាយដីលុប។

ទិដ្ឋភាពដ៏គួរឲ្យសង្វេគបំផុតនេះបានកើតមានឡើង ខណៈដែលរដ្ឋញូយ៉កទាំងមូល មិនត្រឹមតែមានឈ្មោះជាទីកន្លែងផ្ទុះករណីឆ្លង ជំងឺ COVID-19 ច្រើនជាងគេនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ច្រើនជាងប្រទេសកំពូលៗផ្សេងទៀតផងដែរ ជាពិសេសអេស្ប៉ាញ ដែលជាប្រទេសស្ថិតនៅលំដាប់ថ្នាក់លេខ ២ បន្ទាប់ពីអាមេរិកនោះ គឺមានករណីឆ្លងសរុប ១៥៨,២៧៣ករណី តិចជារដ្ឋញូយ៉កពេលនេះ ដែលមានរហូតដល់ជាង ១៦១,០០០ករណី។

គួរបញ្ជាក់ថា បើពិនិត្យទៅលើតួលេខចុងក្រោយពី Worldometer នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ក្នុងចំណោមករណីឆ្លងទូទាំងពិភពលោកសរុបជិត ១.៧លាននាក់ សហរដ្ឋអាមេរិករ៉ាប់រងករណីរហូតដល់កន្លះលាននាក់តែឯងទៅហើយ។ ក្រុមអ្នកជំនាញរដ្ឋាភិបាលអាមេរិកធ្លាប់បានព្យាករណ៍ថា សហរដ្ឋអាមេរិកអាចនឹងមានអ្នកឆ្លង COVID-19 រហូតដល់ជាង ១លាននាក់ និងស្លាប់ជាង ២០០,០០០នាក់ ប៉ុន្តែបើពិនិត្យទៅលើសន្ទុះនៅពេលនេះ ចំនួនករណីឆ្លង និងស្លាប់អាចកើនលើសពីការព្យាករណ៍៕

ប្រភព៖ សារព័ត៌មាន NEWS អូស្ត្រាលី (ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០)