(បាងកក)៖ អ្នកនាំពាក្យការិយាល័យអគ្គរាជអាជ្ញានៃប្រទេសថៃ នាថ្ងៃសុក្រនេះបានឲ្យដឹងថា មនុស្សសរុប៥,២៦៤នាក់ត្រូវបាន ចាត់ការតាមនីតិវិធីច្បាប់ ដោយសារការល្មើសវិធានការនិងបម្រាមគោចរ ដែលបានដាក់ចេញក្រោមការប្រកាសដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ដើម្បីគ្រប់គ្រងការឆ្លងរាលដាលជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២០។
លោក Prayuth Petchkun អ្នកនាំពាក្យការិយាល័យអគ្គរាជអាជ្ញាថៃ ដែលជាស្ថាប័នស្វយ័តស្ថិតក្រោមការមើលខុសត្រូវ ផ្ទាល់របស់ នាយករដ្ឋមន្រ្តីថៃ បានឲ្យដឹងថា ក្នុងចំណោមមនុស្សជាង៥,០០០នាក់នោះ ដែលមានបុរស៤,០៥៤នាក់ និងស្រ្តី១,២១០នាក់ ភាគច្រើនបានបំពានលើបម្រាមគោចរ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ក្រោមការប្រកាសភាពអាសន្ន។ បើតាមលោក Prayuth ជនល្មើសខ្លះត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់៦ខែ និងខ្លះទៀតត្រឹម១៥ថ្ងៃ ហើយក៏មាន ការពិន័យជាប្រាក់ផងដែរ។
គួរជម្រាបថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដាក់ប្រទេសថៃក្នុងគ្រាមានអាសន្ន កាលពីថ្ងៃទី២៦ ខែមីនា ហើយបន្ទាប់មកបានចាប់ផ្តើមចេញបម្រាមគោចរនាពេលយប់ ដែលមានរយៈពេល៦ម៉ោង គឺចាប់ពីម៉ោង១០៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទាបភ្លឺ តាំងតែពីថ្ងៃទី០៣ ខែមេសា។ បម្រាមគោចរនោះ បានបញ្ជាក់ថា ជនណាដែលល្មើសបម្រាមនេះ អាចត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ព្រមទាំងការពិន័យជាប្រាក់រហូតដល់៤០,០០០បាត (ជាង១,២០០ដុល្លារ)៕