(បាងកក)៖ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃសុក្រនេះ បានចេញមុខទទូចឲ្យប្រជាពលរដ្ឋថៃទាំងអស់ មេត្តាស្នាក់នៅ ក្នុងផ្ទះកំឡុងឱកាសពិធីបុណ្យសង្រ្កានចូលឆ្នាំថ្មី ដែលត្រូវបានផ្អាករួចទៅហើយនោះ ដើម្បីកាត់បន្ថយហានិភ័យការឆ្លងរាតត្បាត នូវជំងឺ COVID-19 ដែលមានកំពុងរីករាលដាលខ្លាំងស្រាប់ នៅក្នុង ប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារ ព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
ក្នុងសារដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសថៃ លោក ប្រាយុទ្ធ បាននិយាយថា ប្រជាពលរដ្ឋថៃគ្រប់រូបគួរ ស្នាក់នៅក្នុងផ្ទះ ជាជាងធ្វើដំណើរទៅលេងសាច់ញាតិនៅឯស្រុកកំណើតដូចរាល់ដង ឬមួយក៏រៀបចំពិធីជួបជុំអបអរសាទរបុណ្យ សង្រ្កានចូលឆ្នាំថ្មី ដែលត្រូវបានពន្យារពេលរួចទៅហើយនោះ។ ប្រសិនបើមិនត្រូវបានផ្អាកទេ ពិធីបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ គឺត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃទីចន្ទ ដល់ថ្ងៃពុធសប្តាហ៍ក្រោយ មិនខុសពីកម្ពុជាយើងឡើយ។
គួរជម្រាបថា កំឡុងបុណ្យសង្រ្កានចូលឆ្នាំថ្មីនៅថៃនាឆ្នាំនេះ ការលេងជះបាចទឹក នៅតាមដងផ្លូវ រួមទាំងកន្លែងសាធារណៈនានា ដែលធ្លាប់តែធ្វើឡើងជារៀងរាល់ឆ្នាំ ជាមួយមនុស្សម្នាចូលរួមយ៉ាងកកកុញនោះ ត្រូវបានហាមឃាត់ជាដាច់ខាត នៅទូទាំងប្រទេស ក្រោមក្របខណ្ឌនៃវិធានការដែលរដ្ឋាភិបាលថៃបានអនុវត្ត នៅក្រោមច្បាប់ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធ នឹង COVID-19 ហើយថ្ងៃឈប់សម្រាកត្រូវបានលើកពេល ដោយមិនទាន់កំណត់កាលបរិច្ឆេទថ្មីច្បាស់លាស់នៅឡើយទេ។
សម្រាប់តួលេខនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសថៃវិញ នៅថ្ងៃសុក្រនេះ គឺបានកើនដល់២,៤៧៣នាក់ ក្នុងនោះស្លាប់ ៣៣នាក់ និងជាសះស្បើយ១,០១៣នាក់ ហើយកន្លែងដែលមានករណីឆ្លងច្រើនជាងគេ រាជធានីបាងកកតែម្តង ដែលមានអ្នកឆ្លង ១,២៦២ករណី៕