(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅល្ងាចថ្ងៃសុក្រនេះបានប្រកាសថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៣,៥១២ករណី ក្នុងនោះអ្នកស្លាប់សរុបកើនដល់ ៣០៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ីទទួលបន្ទុក ឆ្លើយឆ្លងព័ត៌មានរឿង COVID-19 លោក អាកម៉ាត់ យូរានតូ (Achmad Yurianto) ក៏បានបញ្ជាក់ដែរថា អ្នកជំងឺសរុប ២៨២នាក់ហើយបានជាសះស្បើយ។ ចំណែកឯរដ្ឋធានីហ្សាការតា នៅតែជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដដែល ដោយមានអ្នកស្លាប់ ១៥៤នាក់ តាមពីក្រោយដោយខេត្តជា្វខាងលិច ៤០នាក់, ជា្វភាគកណ្ដាល ២២នាក់, ជា្វភាគខាងកើត២២នាក់, ខេត្តបានធិន (Banten) ២១នាក់, ខេត្ត ស៊ូឡាវេស៊ីខាងត្បូង (South Sulawesi) ១១នាក់ និងតួលេខនៅសល់ ត្រូវបានរាយការណ៍នៅតាមតំបន់ដទៃៗទៀតក្នុងប្រទេស។
បច្ចុប្បន្នអាជ្ញាធរឥណ្ឌូណេស៊ី កំពុងបង្កើនការធ្វើតេស្ដនៅតាមតំបន់ដែលករណីឆ្លង COVID-19 ត្រូវបានរាយការណ៍ និងបានបង្គាប់ឱ្យប្រជាជនពាក់ម៉ាស នៅពេលចេញក្រៅផ្ទះដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លង ជំងឺរាតត្បាតសកលមួយនេះ៕