(វ៉ាស៊ីនតោន)៖ ខណៈចំនួនអ្នកស្លាប់ និងឆ្លងដោយសារ COVID-19 នៅទូទាំងសកលលោក នៅតែបន្តកើនឡើងស្ទើរតែរាល់ថ្ងៃ ក្រុមអ្នកស្រាវជ្រាវមួយចំនួនបាន រកឃើញថាមនុស្សប្រុស មានហានិភ័យឆ្លង និងស្លាប់ខ្ពស់ជាងមនុស្សស្រី។ គិតត្រឹមថ្ងៃទី០៩ ខែមេសា ក្នុងចំណោមអ្នកស្លាប់លើស ៦,២០០នាក់ នៅក្នុងរដ្ឋញូយ៉ក សហរដ្ឋអាមេរិក មានច្រើនជាង៦០ភាគរយ គឺជាមនុស្សប្រុស។
ចាប់តាំងពីថ្ងៃដំបូង ដែលជំងឺរលាកសួតធ្ងន់ធ្ងរ COVID-19 បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ផ្ទុះឡើងនៅក្នុងប្រទេសចិន ក្រុមអ្នកស្រាវជ្រាវក៏បានកត់សម្គាល់ផងដែរ ថា មនុស្សប្រុសមានអត្រាឆ្លង និងស្លាប់ខ្ពស់ជាងមនុស្សស្រី ស្របពេលបណ្ដាប្រទេសដទៃ ក៏មានករណីបែបនេះដែរ។ ក្រុមអ្នកស្រាវជ្រាវ មិនទាន់អាចបញ្ជាក់បាន ទាំងស្រុងថាមកពីហេតុអ្វីនោះទេ។ ប៉ុន្តែ អ្នកស្រាវជា្រវ ដូចជាលោកស្រី Marcia Stefanick យល់ថាវាអាចបណ្ដាលមកពីអ័រម៉ូនភេទរវាងបុរស និងស្ត្រី ព្រមទាំង បញ្ហាទម្លាប់។
បើតាមលោកស្រី Marcia Stefanick ជាសាស្ត្រាចារ្យផ្នែកឱសថ មកពីសាកលវិទ្យាល័យ Stanford មូលហេតុដែលម នុស្សស្រី មានហានិភ័យឆ្លង និងស្លាប់ទាបជាង មនុស្សប្រុស ដោយសារតែមនុស្សស្រីមានក្រូម៉ូស៉ូម X ចំនួនពីរ (X chromosomes)។ ក្រូម៉ូស៉ូម X នេះទៀតសោត មានផ្ទុកហ្សែន អាចជួយពង្រឹងប្រព័ន្ធភាពសុំា ហើយមិនតែប៉ុណ្ណោះអ័រម៉ូនភេទ Estrogen របស់មនុស្សស្រី ក៏អាចជួយបង្កើនប្រសិទ្ធភាពប្រឆាំងវីរុស ខ្លាំងជាងអ័រម៉ូនភេទមនុស្សប្រុស ផងដែរ។
ជាក់ស្ដែង ក្នុងការសិក្សាមួយចុះផ្សាយលើទស្សនាវដ្ដី Journal of Immunology កាលពីឆ្នាំ២០១៧ បានបង្ហាញថា ជំងឺ SARS បានសម្លាប់មនុស្សប្រុសច្រើនជាង មនុស្សស្រី ដូចគ្នានឹង COVID-19។ ការសិក្សានេះ ដែលត្រូវបានអនុវត្តនៅលើខ្លួនសត្វកណ្ដុរ រកឃើញថាកណ្ដុរឈ្មោលងាយឆ្លង និងមានអត្រាស្លាប់ខ្ពស់ ប៉ុន្តែ នៅពេល ដែលគេរារាំងអ័រម៉ូនភេទ Estrogen ដំណើរការធម្មតានៅក្នុងខ្លួនសត្វកណ្ដុរញី ស្រាប់តែធ្វើឱ្យកណ្ដុរញីមានអត្រាឆ្លង និងស្លាប់ខ្ពស់ទៅវិញ។ យ៉ាងណាក៏ដោយ ការសិក្សាពីអ័រម៉ូនភេទ មិនមែនគ្របដណ្ដប់ជាសកលលើជំងឺឆ្លងដទៃទៀតនោះទេ ដោយមានជំងឺឆ្លងខ្លះបានផ្ដាច់ជីវិតមនុស្សស្រីច្រើនជាង មនុស្សប្រុស ដូចជា influenza ជាដើម។
លោកស្រី Stefanick បន្ថែមថា ទម្លាប់រវាងមនុស្សប្រុស និងមនុស្សស្រី ក៏ជាកត្តាបណ្ដាលឱ្យមានអត្រាឆ្លង និងស្លាប់ខ្ពស់ដែរ នោះគឺការជក់បារី។ បើតាមការសិក្សា ចុះផ្សាយលើទស្សនាវដ្ដី Journal of Epidemiology & Community Health កាលពីឆ្នាំ២០១៧ មនុស្សប្រុសជក់បារី មានច្រើនជាមនុស្សស្រី។ ជាឧទាហរណ៍នៅក្នុង ប្រទេសចិន មនុស្សប្រុសពេញវ័យ ៥៤ភាគរយ ជក់បារី បើធៀបនឹងស្រ្តីមានតែ ២.៦ភាគរយប៉ុណ្ណោះ។ ដូចគ្នាដែរ នៅកូរ៉េខាងត្បូង អ្នកជក់បារីជាមនុស្សប្រុសមាន ៤១ភាគរយ និងស្រ្តីមាន ៦ភាគរយ។
ការជក់បារី ត្រូវបានក្រុមអ្នកស្រាវជ្រាវ បញ្ជាក់ថាជាកត្តាមួយធ្វើឱ្យអត្រាឆ្លង COVID-19 មានកម្រិតខ្ពស់ ត្បិតនៅពេលជក់បារី មនុស្សម្នាក់តែងតែ យកដៃប៉ះពាល់ផ្ទៃមុខ ដូចជាមាត់ និងមុខ។ ម្យ៉ាងវិញទៀត ផ្សែងបារី អាចបង្កជំងឺសួត រុញឱ្យអ្នកជំងឺឆ្លង COVID-19 កាន់តែមានសភាពធ្ងន់ធ្ងរ និងហានិភ័យស្លាប់ខ្ពស់ ស្របពេល មានការព្រមានជាច្រើនថាអ្នកមានជំងឺប្រចំាកាយ និងមនុស្សចាស់ ប្រឈមមុខស្លាប់ដោយសារជំងឺរាតត្បាតសកលមួយនេះខ្ពស់ជាងគេបំផុត។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង២៖៣១នាទីរសៀលនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនដល់ ១,៦០៥,៧៩៣នាក់ ក្នុងនោះស្លាប់ ៩៥,៧៦៦នាក់ និងជាសះស្បើយ ៣៥៧,០០៣នាក់៕
ប្រភព៖ VOX (ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០)