(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ប្រទេសចិនមានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤២ករណីបន្ថែមទៀតនៅទូទាំងប្រទេសចិន។ ប៉ុន្តែក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤២ករណីនេះមានតែ ០៤ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំងបួនករណីខាងលើនេះ មាន ០៣ករណីត្រូវបានរាយការណ៍នៅខេត្តក្វាងទុង (Guangdong) និង ០១ករណីទៀតនៅខេត្តហីឡុងជាំង (Heilongjiang)។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៤៥៥នាក់ហើយ ដោយក្នុងនោះ ៨៥នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៩០៧ ករណី ក្នុងនោះ ៣,៣៣៦នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៤២ករណីប៉ុណ្ណោះ ហើយក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤២ករណីនេះទៀតសោត គឺមានតែ ០៤ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែម្នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង៕