(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់ (ICU) វិញហើយ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែឥឡូវលោកកំពុងបន្តទទួលការព្យាបាលជំងឺ COVID-19 ដដែលនៅឯមន្ទីរពេទ្យ ជាមួយស្ថានភាពសុខភាពប្រសើរជាងមុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍ពី ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស ពេលនេះលោក Johnson កំពុងបន្តទទួលការព្យាបាលយ៉ាងដិតដល់បំផុត នៅក្នុងដំណាក់កាលដំបូង នៃការស្តារសុខភាពលោកឡើងវិញ។ បច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តីអង់គ្លេស កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ ថូម៉ាស់ (St Thomas) ដែលស្ថិតនៅភាគកណ្តាលទីក្រុងឡុងដ៍។ ខណៈលោក Johnson កំពុងស្ថិតក្នុងមន្ទីរពេទ្យ រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក ដូមីនីក រ៉ាអាប់ (Dominic Raab) កំពុងកាន់ការងារជំនួសលោក ជាបណ្តោះអាសន្ន។
គួរជម្រាបថា លោក Boris Johnson ត្រូវបានធ្វើតេស្តវិជ្ជមាននៃ COVID-19 កាលពីថ្ងៃទី២៦ ខែមីនា ហើយរយៈពេល ១០ថ្ងៃកន្លងផុតទៅ លោកនៅតែមានរោគសញ្ញាដដែល។ ទីបំផុតលោកក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយនៅថ្ងៃចន្ទលោកក៏ ត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) និងបំពាក់ឧស្ម័នអុកស៊ីហ្សែន ដើម្បីជំនួយដល់ការដកដង្ហើម៕