(ព្រុចសែល)៖ នៅទីបំផុតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃបណ្តាប្រទេសសហភាពអឺរ៉ុប បានសម្រេចបញ្ចេញកញ្ចប់ថវិកា ៥០០ពាន់លានអឺរ៉ូ (ជាង ៥៤៦ពាន់លានដុល្លារអាមេរិក) ដើម្បីសង្គ្រោះប្រទេសនានា ពីវិបត្តិបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំដ៏បន្ទាន់មួយ នៅក្នុងទីក្រុងព្រុចសែល ដែលជាទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប។ កិច្ចប្រជុំនោះត្រូវបានធ្វើឡើង ក្រោយពីនាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញបានប្រកាសថា ប្រទេសអឺរ៉ុបមួយនេះ ជិតឈានដល់ចំណុចកំពូលដ៏អាក្រក់បំផុត នៃការឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 ហើយ។
គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញកំពុងតែរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែករណីឆ្លងជំងឺ COVID-19 រហូតដល់ ១៥៣,២២២ករណី (ស្លាប់ ១៥,៤៤៧នាក់) លើសប្រទេសអ៉ីតាលីដែលមាន ១៤៣,៦២៦ករណី (ស្លាប់ ១៨,២៧៩នាក់)។ ដោយឡែកបារាំង អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក និងស្វីស ក៏ស្ថិតក្នុងស្ថានភាព កាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗផងដែរ។
សម្រាប់កញ្ចប់ថវិកាខាងលើនេះ គឺតិចជាងរហូតដល់ជាង ២ដង នៃកញ្ចប់ថវិកាដែលត្រូវបានគេគណនាថា នឹងត្រូវការចាំបាច់រហូតដល់ទៅ ១.៥ទ្រីលានអឺរ៉ូ (១.៣ទ្រីលានដុល្លារ) ឯណោះ សម្រាប់តំបន់អឺរ៉ុបទាំងមូល ក្នុងការទប់ទប់វិបត្តិគ្រប់យ៉ាងដែលបាន និងកំពុងបង្កឡើងដោយជំងឺ COVID-19។ ទោះបីជាយ៉ាងណា ប្រទេសបារាំងបានចាត់ទុក ការអនុម័តកញ្ចប់ថវិកាខាងលើនេះ គឺជាផែនការសេដ្ឋកិច្ចដ៏សំខាន់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសហភាពអឺរ៉ុប៕