(រ៉ូម)៖ អេស្ប៉ាញ និងអ៉ីតាលី ដែលជាប្រទេសអឺរ៉ុបទាំងពីររងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19 កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បិត និងចាប់ផ្ដើមបើក សកម្មភាពសេដ្ឋកិច្ចឡើងវិញ ខណៈករណីស្លាប់ និងឆ្លង ធ្លាក់ចុះជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមមេដឹកនាំនៃប្រទេសទាំងពីរ ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
ថ្លែងប្រាប់សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte បានបញ្ជាក់ថា អ៉ីតាលីប្រហែលជាអាចចាប់ផ្ដើមបន្ធូរបន្ថយវិធានការ រឹតត្បិតបន្តិចម្ដងៗ នៅចុងខែមេសានេះ បើសិនជាការឆ្លងរាតត្បាត COVID-19 នៅតែបន្តធ្លាក់ចុះ។ គិតត្រឹមថ្ងៃពុធម្សិលមិញ អ៉ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ១៧,៦៦៩នាក់ បន្ទាប់ពីអ្នកស្លាប់ថ្មី ៥៤២នាក់ ត្រូវបានរាយការណ៍។ នេះគឺជាតួលេខទាបបំផុតមួយ បើធៀបទៅនឹងថ្ងៃអង្គារ មានអ្នកស្លាប់ ៦០៤នាក់ រីឯអ្នកឆ្លងមាន ១៣៩,៤២២នាក់ ជាប់ចំណាត់ថ្នាក់លេខបី បន្ទាប់ពីសហរដ្ឋអាមេរិក និងអេស្ប៉ាញ ខណៈ២៦,៤៩១នាក់ជាសះស្បើយ។
ដោយឡែក នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានបង្ហាញពីបំណងបន្ធូរបន្ថយការរឹតត្បិតផងដែរ ជាមួយការអះអាងថាស្ថានភាពបច្ចុប្បន្ន ហាក់ដូចជា កំពុងត្រឡប់មកនៅក្រោមការគ្រប់គ្រងវិញ បន្ទាប់ពីអ្នកស្លាប់ និងអ្នកឆ្លង មានការធ្លាក់ចុះ។
ជាក់ស្ដែងបើតាមលោក Sanchez តួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃបានធ្លាក់ចុះពី២២ភាគរយ មកនៅត្រឹម ៤ភាគរយ បើទោះជាអ្នកស្លាប់ប្រចាំថ្ងៃហាក់ដូចជាកើនឡើង បន្តិច
ក៏ដោយ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អេស្ប៉ាញ មានអ្នកស្លាប់ដោយសារ COVID-19 ១៥,២៣៨នាក់ ឆ្លង១៥២,៤៤៦នាក់ និង៥២,១៦៥នាក់ជាសះស្បើយ៕