(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ០១ករណីបន្ថែមទៀតដែលនាំករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនដល់ ១៦ ករណីនៅទូទាំងប្រទេស។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
លោក ភូថុន មឿងផាក (Phouthone Meaungpak) ដែលជាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯរដ្ឋធានីវៀងច័ន្ទនាល្ងាចថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លង COVID-19 ០១ករណីថ្មីខាងលើនេះ គឺជាស្ត្រីម្នាក់វ័យ ២៣ឆ្នាំម្នាក់រស់នៅក្នុងទីក្រុងវៀងច័ន្ទតែម្តង ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយករណីទី ០៨ នៅក្នុងប្រទេស ដែលបានប្រកាសកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅនេះ។
បើតាមលោករដ្ឋមន្ត្រីដដែលបានគូសបញ្ជាក់ទៀតថា អ្នកជំងឺថ្មីខាងលើនេះ កំពុងតែទទួលបានការព្យាបាលក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងវៀងច័ន្ទ និងមានអការៈរោគនឹងនរល្អធម្មតា។ ទោះបីជាឡាវមានករណីឆ្លងតិច និងមិនទាន់មានករណីស្លាប់ក្តី ក៏ការរឹតបន្តឹងនៅតែកើតមាន ដោយក្នុងនោះសាលារៀនជាច្រើនតែបន្តបិទទ្វារ ខណៈនៅតាមច្រកព្រំដែន និងអាកាសយានដ្ឋាន ស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងដិតដល់បំផុត។
គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសឡាវបានធ្វើតេស្តលើករណីសង្ស័យចំនួន ៩០៣នាក់ហើយ។ ក្នុងចំណោមករណីសង្ស័យទាំងអស់ដែលត្រូវបានតេស្តទាំង មាន ១៦នាក់ចេញលទ្ធផលវិជ្ជមានចំពោះ COVID-19 ហើយក្រៅពីនោះគឺអវិជ្ជមាន។ ករណីដំបូងនៅក្នុងប្រទេសនេះត្រូវបានរកឃើញ កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ។ ឡាវជាប្រទេស ១ក្នុងចំណោម ២ប្រទេសនៅអាស៊ាន ដែលមានករណីឆ្លង COVID-19 ក្រោម ១០០ករណី ដោយមួយទៀតនោះគឺមីយ៉ាន់ម៉ាមានអ្នកឆ្លងសរុប ២២ករណី (ស្លាប់ ០៣នាក់)៕