(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ នេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបានកើនដល់ ២៨០នាក់ ខណៈករណីឆ្លងសរុបបានហក់ឡើងដល់ ៣,២៩៣ករណីឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ទទួលបន្ទុកកិច្ចការ COVID-19 លោក អាកម៉េដ យូរៀនតូ (Achmad Yurianto) ក៏បានបញ្ជាក់ដែរថា អ្នកជំងឺសរុប ២៥២នាក់ហើយបានជាសះស្បើយ។ ចំណែកឯរដ្ឋធានីហ្សាការតា ដែលមានប្រជាជនរស់នៅជាង ១០លាននាក់ មានចំនួនអ្នកស្លាប់ច្រើនជាងគេរហូតដល់ ១៤២នាក់ តាមពីក្រោយដោយខេត្តជ្វាភាគខាងលិចមាន ៤០នាក់ស្លាប់, ជ្វាភាគកណ្ដាល ២២នាក់ស្លាប់, ជ្វាភាគខាងកើត ១៧នាក់ស្លាប់ និងតួលេខនៅសល់ផ្សេងទៀតត្រូវបានរាយការណ៍ នៅតំបន់ដទៃៗទៀតក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប្រឈមមុខនឹងជំងឺរាតត្បាតនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានប្រកាសពីភាពអាសន្នផ្នែកសុខាភិបាលថ្នាក់ជាតិ និងបានដាក់បញ្ជាឱ្យអាជ្ញាធររឹតបន្តឹងវិធានការគម្លាតសង្គម ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ក្នុងនោះតំបន់ណាដែលកើតមានករណីឆ្លង COVID-19 គឺតម្រូវឲ្យអាជ្ញាធរចុះទៅចាត់វិធានការភ្លាមៗតែម្តង ដើម្បីទប់ស្កាត់ការរាតត្បាតទៅកាន់កន្លែងដទៃ៕