(វ៉ាស៊ីតោន)៖ មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) កាលពី ០៥ឆ្នាំមុនធ្លាប់បានព្យាករណ៍ទុកថា ពិភពលោកនឹងប្រឈមមុខអាសន្នរោគដ៏អាក្រក់មួយ នារយៈពេលដ៏ខ្លីខាងមុខ។ កាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកក៏បានផ្តល់ការព្យាករណ៍ទុកមុនបន្ថែមថ្មីទៀត ស្តីអំពីដំណឹងល្អ និងដំណឹងអាក្រក់ នៃជំងឺ COVID-19 ដែលកំពុងតែរាតត្បាតសកលពាលពេញសកលលោក។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន South China Morning Post នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
ជុំវិញដំណឹងអាក្រក់នៃជំងឺ COVID-19 មហាសេដ្ឋីរូបនេះបានអះអាងថា ថ្នាំវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ នឹងមិនអាចកើតមានឡើយរហូតដល់ខែសីហា ឆ្នាំ២០២១ខាងមុខ។ បើទោះបីជាវ៉ាក់សាំង ១០ ក្នុងចំណោម ១០០ ប្រភេទដែលបាននិងកំពុងធ្វើការអភិវឌ្ឍយ៉ាងជោគជ័យក៏ដោយ ប៉ុន្តែដើម្បីទទួលបានវ៉ាក់សាំង ដែលមានប្រសិទ្ធិភាពពិតប្រាកដ គឺទំនងត្រូវរងចាំរហូតដល់ចុងឆ្នាំក្រោយ។
ដោយឡែកចំពោះដំណឹងល្អវិញ សម្រាប់ទស្សនៈនៃសហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះគឺ ពិភពលោកនឹងមិនប្រឈមុខនឹងជំងឺរាតត្បាតសកលបែបនេះម្តងទៀតទេ ក្នុងរយៈពេលវែងបន្ទាប់ពី COVID-19 នេះរួច។ ពីព្រោះមេរៀនដែលទទួលបានពីជំងឺនេះ ទាំងផ្នែកវេជ្ជសាស្ត្រ និងហិរញ្ញវត្ថុ នឹងជួយឲ្យមនុស្សអាចឆ្លើយតប ចំពោះជំងឺឆ្លងបែបនេះបានទាន់ពេលវេលា។
គួរជម្រាបថា មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ ក្នុងនាមជាប្រធានមូលនិធិ បៀល ហ្គេតស៍ ( Bill Gates Foundation) បានចំណាយប្រាប់រាប់ពាន់លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនផលិតឱសថចំនួន ០៧ ផ្សេងៗគ្នាដើម្បីតេស្ត និងផលិតថ្នាំវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ព្រោះលោកយល់ឃើញថា ការចំណាយថវិកាខ្លះ ដើម្បីជួយដោះស្រាយវិបត្តិសកលបច្ចុប្បន្ន គឺវាមានតម្លៃ ខណៈទំហំខូតខាតសេដ្ឋកិច្ចដោយសារជំងឺនេះ គឺវាធំធេងជាងថវិកានេះឆ្ងាយណាស់៕