(វ៉ាស៊ីនតោន)៖ មន្ត្រីពន្ធនាគារអាមេរិក បានឱ្យដឹងថា មនុស្សសរុប ៤០១នាក់ នៅក្នុងពន្ធនាគារ Cook County នៃទីក្រុង Chicago ត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
បើតាមមន្ត្រីពន្ធនាគារ Cook County ដែលដាក់អ្នកទោស ៤,៧០០នាក់ អ្នកទោស២៥១នាក់ និងបុគ្គលិកពន្ធនាគារ ១៥០នាក់ បានឆ្លង COVID-19 ហើយក្នុងចំណោម ពួកគេ មាន២២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និង៣៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរស្តារនីតិសម្បទាមួយកន្លែង។ ទន្ទឹមគ្នា ក៏មានសេចក្ដីរាយការណ៍ផងដែរថា អ្នកទោសម្នាក់ ទំនងជាបានស្លាប់ ក្រោយឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
គួរបញ្ជាក់ថា បើតាមសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក មានមនុស្សស្លាប់ដោយសារ COVID-19 ក្នុងមួយថ្ងៃ កាលពីថ្ងៃពុធម្សិលមិញ ជិត២,០០០នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនលើស ១៤,០០០នាក់ និងឆ្លងជាង ៤៣៥,១៦០នាក់៕