(ញូយ៉ក)៖ គូស្នេហ៍មួយគូនៅក្នុងទីក្រុងញូយ៉ក បានរៀបរាប់ពីភាពសោកសៅ និងតក់ស្លុតជាទីបំផុត ដោយសារតែកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ពួកគេបានសម្លឹងមើលចេញពីបង្អួចអគារអាផាតមិន ហើយឃើញរថយន្ដក្លាសេជាច្រើនគ្រឿង បានដឹកសាកសពអ្នកស្លាប់ដោយសារជំងឺ COVID-19 ចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ វីកអូហ្វ ហេចស៍ (Wyckoff Heights Medical Center)។
នាង អេលីច ម៉ុនថេឡេអូន (Alix Monteleone) មានអាយុ ២៨ឆ្នាំ ជាមន្ត្រីផ្នែកគណនេយ្យជាន់ខ្ពស់ម្នាក់ និងគូដណ្ដឹងឈ្មោះ ម៉ាក កូសឡូ (Marc Kozlow) អាយុ ៣៣ឆ្នាំ បានរៀបរាប់អ្វីដែលពួកគេបានឃើញ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Skype។
នៅក្នុងកិច្ចសម្ភាសន៍នាង Monteleone បានបញ្ជាក់យ៉ាងដូច្នេះថា «យើង បានឃើញទិដ្ឋភាពដ៏សោកសៅមួយ ចេញពីបង្អួចអាផាតមិនរបស់យើង... ហើយយើងមិនហ៊ានស្រមៃទាល់តែសោះ អំពីរឿងដ៏សោកសៅ នៅក្នុងរថយន្ដក្លាសេ។ អ្នកដឹងទេយើងឈររាប់ដើម្បីដឹងថា តើមានចំនួនសាកសពប៉ុន្មាន ដែលត្រូវបានគេទាញចេញមកក្រៅ។ ទំាងអស់នេះគឺជារឿងពិត»។
គួរជម្រាបថា ខណៈជំងឺឆ្លងរាតត្បាត COVID-19 បានសម្លាប់មនុស្ស ច្រើនជាងការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ទីក្រុងញូយ៉ក បានបង្កើតមន្ទីរពេទ្យសង្រ្គោះបន្ទាន់ នៅតាមឧទ្យាន សេនត្រលផាក (Central Park) និងនៅតាមតំបន់ដទៃទៀត ខណៈរថយន្ដក្លាសេ ត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងទីក្រុង ដើម្បីអនុវត្តវិធានការដឹក និងរក្សាសាកសពអ្នកជំងឺ COVID-19។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters គិតត្រឹមថ្ងៃពុធម្សិលមិញ រដ្ឋញូយ៉កទាំងមូលមានអ្នកឆ្លង COVID-19 ជិត ១៥០,០០០នាក់ និងជាង ៦,០០០នាក់បានស្លាប់។ សម្រាប់តួលេខសរុបវិញ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ៤៣០,៩០២ករណី ក្នុងនោះស្លាប់ ១៤,៧៦៦នាក់ និងជាសះស្បើយវិញ ២២,៣៥៦នាក់៕