(រីយ៉ាត)៖ ក្រុមយោធាម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមប្រដាប់អាវុធហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន បានប្រកាសពីបទឈប់បាញ់មួយរយៈពេល នៅចំពោះមុខការរាតត្បាតនៃជំងឺ COVID-19។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
បើតាមប្រភពដដែលនេះបានបញ្ជាក់ថា បទឈប់បាញ់នេះនឹងចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍នេះតែម្តង ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ (UN) ក្នុងការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជាង ០៥ឆ្នាំមកហើយនេះ។ ក្រុមយោធាចម្រុះដែលមានមហាអំណាចលោកខាងលិចនៅពីក្រោយ បានបើកប្រតិបត្តិការប្រយុទ្ធនឹងក្រុមឧទ្ទាមហ៊ូធី ដែលជាដៃជើងរបស់អ៊ីរ៉ង់ចាប់តាំងពីខែមីនា ឆ្នាំ២០១៥ មកម្ល៉េះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់កងកម្លាំងចម្រុះខាងលើ បានលើកឡើងយ៉ាងដូច្នេះថា «នាឱកាសនៃកិច្ចខិតខំប្រឹងប្រែងរបស់ ប្រេសិតអង្គការសហប្រជាជាតិប្រចាំនៅប្រទេសយេម៉ែន ដើម្បីកាត់បន្ថយទុក្ខវេទនារបស់បងប្អូនប្រជាជនយេម៉ែន ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺ COVID-19 ក្រុមយោធាចម្រុះយើងខ្ញុំ សូមប្រកាសបទឈប់បាញ់នារយៈពេល ២សប្តាហ៍ដោយនឹងចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍នេះ»។
ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ទេថា តើភាគីក្រុមប្រដាប់អាវុធហ៊ូធី នឹងទទួលស្គាល់បទឈប់បាញ់នេះ ឬយ៉ាងណាទេ។ កាលពីខែមុន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឲ្យគ្រប់ភាគីជម្លោះទាំងអស់ ដែលមានវត្តមាននៅលើទឹកដីយេម៉ែន បញ្ឈប់ការប្រយុទ្ធគ្នា ដើម្បីបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់ នឹងការផ្ទុះរាតត្បាតនៃជំងឺ COVID-19។
គួរបញ្ជាក់ថា ស្ថានការណ៍នៅក្នុងប្រទេសយេម៉ែន ត្រូវបានគេចាត់ទុកជាយូរមកហើយថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។ សង្រ្គាមបានធ្វើឲ្យជិវិតជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់បាត់បង់ជីវិត និងបានធ្វើឲ្យប្រទេសអារ៉ាប់មួយនេះ ត្រូវដួលរលំទាំងស្រុង៕