(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានផ្តល់សិទ្ធិអនុញ្ញាតឲ្យឱសថស្ថាននានា អាចធ្វើតេស្តរកជំងឺ COVID-19 រួមទាំងការធ្វើតេស្ត antibody (antibody tests) ដែលទើបបង្កើតថ្មីដើម្បីឲ្យដឹងថា តើអ្នកជំងឺដែលទើបតែបានជាសះស្បើយពីជំងឺនេះ ពួកគេអាចមានអង់ទីករដើម្បីប្រឆាំងនឹងមេរោគនេះវិញដែរ ឬទេ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិកលោក អាឡិច អាហ្សារ (Alex Azar) បានប្រកាសឲ្យដឹងថា រាល់ការធ្វើតេស្តដែលទទួលបានការអនុម័តដោយច្បាប់ គឺត្រូវបានអនុញ្ញាតឲ្យអនុវត្ត ខណៈពេលដែលប្រទេសមួយនេះ កំពុងតែព្យាយាមបង្កើនកិច្ចប្រឹងប្រែងបន្ថែម ទៅលើការធ្វើតេស្តរករោគ COVID-19។
រដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា «រដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ មានសេចក្តីរីករាយក្នុងការផ្តល់ឲ្យឱសថការី នូវតួនាទីកាន់តែធំនៅក្នុងការឆ្លើយតបចំពោះជំងឺ COVID-19 ដោយធ្វើការរួមជាមួយនឹងបុគ្គលិកសុខាភិបាល ដែលជាវីរៈបុរសអាមេរិកទាំងអស់»។
គួរជម្រាបថា នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធម្សិលមិញនេះ មានមណ្ឌលវេជ្ជសាស្ត្រឯកជនមួយបានប្រកាសថា ខ្លួនកំពុងផ្តល់សេវាកម្មធ្វើតេស្តរកមេរោគ COVID-19 ចំណាយពេលត្រឹមតែរយៈពេល ១៥នាទីប៉ុណ្ណោះ ប៉ុន្តែអ្នកជំងឺត្រូវចំណាយថវិកាចំនួន ២៩០ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់៕