(សិង្ហបុរី)៖ នាយប់ថ្ងៃពុធនេះសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន១៤២នាក់ថែមទៀត ដែលធ្វើឲ្យចំនួនអ្នក ឆ្លងសរុបកើនដល់១,៦២៣នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមនោះ ៥៥ករណីមានជាប់ពាក់ព័ន្ធនឹងចង្កោមករណីឆ្លងពីមុនៗ រីឯ២ករណី ជាករណីឆ្លងនាំចូល ហើយករណីផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំណែកអ្នកជំងឺ COVID-19 ២៩នាក់ក៏ទើបតែបាន ចាកចេញពីមន្ទីរពេទ្យ ក្រោយ ជាសះស្បើយផងដែរ ក្នុងថ្ងៃពុធនេះ។
គួរជម្រាបថា មកទល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរី ដែលបានកើនដល់១,៦២៣នាក់ ក្នុងនោះស្លាប់ ៦នាក់ និងជាសះស្បើយ៤០៦នាក់៕