(ម៉ាឌ្រីដ)៖ ក្រសួងសុខាភិបាលអេស្ប៉ាញ នៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅទូទាំងប្រទេសកើនឡើងវិញ ពីរថ្ងៃជាប់ៗគ្នាមកហើយ ដោយក្នុងនោះអ្នកជំងឺ ៧៥៧នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ បូកបញ្ចូលតួលេខអ្នកស្លាប់ថ្មីខាងលើទៀត ធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសអេស្ប៉ាញសរុបកើនដល់ ១៤,៥៥៥នាក់ ខណៈករណីឆ្លងបានហក់ឡើងដល់ ១៤៦,៦៩០ករណីបើធៀបទៅនឹងថ្ងៃអង្គារ ដែលមានសរុប ១៤០,៥១០ករណីឆ្លង។
គួរបញ្ជាក់ថា ក្រៅពីចំនួនករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅអេស្ប៉ាញកើនឡើងវិញមែន តែចំនួនអ្នកជាសះស្បើយក៏បានកើនឡើងផងដែរ រហូតដល់ ៤៨,០២១នាក់។ អេស្ប៉ាញជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេលំដាប់ទី ២ លើលោកទាំងទៅលើចំនួនករណីឆ្លង និងស្លាប់ដោយសារ COVID-19 ខណៈអាមេរិកឈរនៅលេខ ១ មានអ្នកករណីឆ្លងសរុប ៤០០,៥៤៩ករណី (ក្នុងនោះស្លាប់ ១២,៨៥៧នាក់) និងអ៉ីតាលីឈរនៅលេខ ៣ មានករណីឆ្លងសរុប ១៣៥,៥៨៦ករណី (ក្នុងនោះស្លាប់សរុប ១៧,១២៧នាក់) គិតត្រឹមថ្ងៃពុធនេះដូចគ្នា៕