(អាហ្វ្រិកខាងត្បូង)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក សាយរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បានដាក់ពិន័យលើរដ្ឋមន្ត្រីទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល
លោកស្រី ស្ទែលឡា ណាដាប៊េនី អាប្រាហាំស៍ (Stella Ndabeni-Abrahams) បន្ទាប់ពីលោកស្រីល្មើសលើវិធានការបិទប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមវិមានប្រធានាធិបតីអាហ្វ្រិកខាងត្បូង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះ វិមានប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានបញ្ជាក់ដូច្នេះថា ការសម្រេចចិត្តខាងលើ ធ្វើឡើងបន្ទាប់ពីអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ចែកចាយរូបភាពរបស់លោកស្រី ណាដាប៊េនី (Ndabeni-Abrahams) បានទៅសួរសុខទុក្ខមិត្តភក្កិម្នាក់របស់លោកស្រីដល់ផ្ទះ ដើម្បីទទួលទានអាហារថ្ងៃត្រង់ ដែលនេះគឺជាទង្វើបំពានលើវិធានការបិទប្រទេស។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា លោកប្រធានាធិបតី Cyril Ramaphosa បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយទទួលបានដំណឹងនេះ ហើយលោកបានសម្រេចដាក់ពិន័យលោកស្រី Ndabeni-Abrahams ដោយឱ្យលោកស្រីឈប់សម្រាក ០២ខែ ដោយក្នុងនោះមួយខែនឹងមិនទទួលបានប្រាក់ខែឡើយ។
គួរជម្រាបថា ចាប់តាំងពីវិធានការបិទប្រទេសរយៈពេល ២១ថ្ងៃ ចូលជាធរមានកាលពីពាក់កណ្ដាលយប់ថ្ងៃទី២៦ ខែមីនាមក អាជ្ញាធរអាហ្វ្រិកខាងត្បូង បានឃាត់ខ្លួនមនុស្ស ២០,០០០នាក់ ដែលបានល្មើសនឹងបញ្ជាមួយនេះ។ ដោយឡែក បើតាមគេហទំព័រ worldometers ប្រទេសអាហ្វ្រិកខាងត្បូងមានករណីឆ្លង COVID-19 សរុប ១,៧៤៩ករណី ក្នុងនោះស្លាប់ ១៣នាក់ និងជាសះស្បើយវិញ ៩៥នាក់គិតត្រឹមថ្ងៃពុធនេះតែម្តង៕