(ញូដេលី)៖ អាជ្ញាធរឥណ្ឌា បានដាក់មនុស្សរាប់សែននាក់ ឱ្យស្ថិតនៅដាច់ដោយឡែក នៅក្នុងផ្ទះរបស់ពួកគេ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ប៉ុន្តែ វិធានការមួយចំនួន ក្នុងនោះរួមមានទាំងការសរសេរស្លាកសញ្ញាបញ្ចេញអត្តសញ្ញាផ្ទាល់ខ្លួន បិទនៅខាងក្រៅផ្ទះ កំពុងរងការរិះគន់ថាបានបង្កឱ្យមានការរើសអើង។
ជាក់ស្ដែង ពលរដ្ឋឥណ្ឌាម្នាក់ឈ្មោះ Bharat Dhingra រួមជាមួយសមាជិកគ្រួសារ៦នាក់ ត្រូវបានអាជ្ញាធរឥណ្ឌា បង្គាប់ឱ្យនៅក្នុងផ្ទះ នៅឯរដ្ឋធានីញូដេលី ចាប់តាំងពី ប្អូនប្រុស និងប្អូនថ្លៃរបស់លោក ត្រឡប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ មកម្លេះ។ លោក និងសមាជិកគ្រួសារគ្មាននរណាម្នាក់ មានរោគសញ្ញា COVID-19 នោះទេ ហើយគ្រួសារលោកទាំងមូល នៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការបង្គាប់ពីអាជ្ញាធរ។
ក៏ប៉ុន្តែ លោក Dhingra មានអារម្មណ៍មិនល្អ និងចាប់ផ្ដើមរងសម្ពាធផ្លូវចិត្ត បន្ទាប់ពីអាជ្ញាធរយកផ្ទាំងបដាមួយ មកបិទនៅនឹងមុខផ្ទះរបស់លោក ដោយសរសេរនៅលើ នោះថា «កុំចូលលេង, អ្នកក្នុងផ្ទះនេះត្រូវដាក់នៅដាច់ដោយឡែកគេ»។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC លោក Dhingra បានអះអាងថាការធ្វើបែបនេះ ហាក់ដូចជា រំលោភបំពានសិទ្ធិឯកជននៃគ្រួសាររបស់លោក។ លោកបន្ថែមដូច្នេះថា ៖«ផ្ទះរបស់យើង ដូចជាសួនសត្វអ៉ឺចឹង...មនុស្សម្នាបានឈប់នៅមុខផ្ទះយើង ដើម្បីថតរូប នៅពេល ពួកគេឆ្លងកាត់។ រីឯ អ្នកជិតខាងយើងវិញ បានប្រាប់ឱ្យពួកយើងចូលក្នុងផ្ទះវិញភ្លាមៗ ពេលពួកយើងឈានជើងចេញមកក្រៅរានហាល សូម្បីមួយនាទី ក៏ដោយ»។
យ៉ាងណាក៏ដោយ លោក Dhingra ទទួលស្គាល់ថា វាជាវិធានការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលប្រជាជនគ្រប់រូបត្រូវគោរពតាម តែទាស់ត្រង់ថាមានវិធានការ មួយចំនួន ធ្វើឱ្យអ្នកខ្លះរងការឈឺចាប់។
គួរជម្រាបថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ឥណ្ឌា មានអ្នកឆ្លង COVID-19 ៥,៣៥៦នាក់ ក្នុងនោះស្លាប់១៦០នាក់ និងជាសះស្បើយ ៤៦៨នាក់៕
ប្រភព៖ BBC (ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០)