(គូឡាឡាំពួរ)៖ ពិភពលោកអាចនឹងប្រឈមមុខនឹងការខ្វះខាតស្រោមអនាម័យ ខណៈការឆ្លងរាតត្បាតនៃជំងឺ COVID-19 បានបង្ខំឱ្យរោងចក្រជាច្រើន ត្រូវបិទទ្វារ ហើយខ្សែចង្វាក់ផលិតកម្មនានា កំពុងរងការរំខានយ៉ាងខ្លាំង។ នេះបើតាមក្រុមហ៊ុនឈានមុខគេមួយខាងផលិតស្រោមអនាម័យ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
នាយកប្រតិបត្តិក្រុមហ៊ុន Karex លោក Goh Miah Kiat ធ្វើការព្រមានខាងលើ បន្ទាប់ពីក្រុមហ៊ុនរបស់លោក រំពឹងថាអាចនឹងផលិតស្រោមអនាម័យបានត្រឹមតែ ២០០លាន ស្រោម ប៉ុណ្ណោះ ពោលគឺតិចជាងធម្មតា ចាប់ពីពាក់កណ្ដាលខែមីនា ដល់ពាក់កណ្ដាលខែមេសា។ លោក Goh បានគូសបញ្ជាក់ ដូច្នេះថា៖ «ពិតប្រាកដណាស់ ពិភពលោក នឹងប្រឈមមុខការខ្វះខាតស្រោមអនាម័យ។ វាគឺជាបញ្ហា ប៉ុន្តែយើងកំពុងព្យាយាម ធ្វើអ្វីដែលយើងអាចធ្វើបាន។ វាជាបញ្ហាដ៏ធំ ព្រោះស្រោមអនាម័យ ប្រៀបបានដូចជា សម្ភារៈវេជ្ជសាស្ត្រមួយដ៏សំខាន់»។
គួរជម្រាបថា Karex គឺជាក្រុមហ៊ុនឈានមុខគេមួយខាងផលិតស្រោមអនាម័យ នៅលើពិភពលោក របស់ប្រទេសម៉ាឡេស៊ី ដែលកំពុងអនុវត្តវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺ COVID-19។ គិតត្រឹមថ្ងៃអង្គារម្សិលមិញ ម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 បានកើនឡើងដល់ ៣,៩៦៣ករណីហើយ ក្នុងនោះអ្នកជំងឺសរុប ៦៣នាក់ស្លាប់ ហើយនេះគឺជាតួលេខឆ្លងច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន៕