(សេអ៊ូល)៖ ក្រុមហ៊ុនអាកាសចរណ៍ Korean Air នឹងអនុញ្ញាត ឱ្យបុគ្គលិករបស់ខ្លួន ៧០ភាគរយនៃបុគ្គលិកសរុប ១៩,០០០នាក់ ទទួលបានច្បាប់ឈប់សម្រាករយៈពេលវែង ខណៈការឆ្លងរាតត្បាត COVID-19 កំពុងបង្កការខូចខាតយ៉ាងខ្លាំង ដល់ឧស្សាហកម្មអាកាសចរណ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
ឧស្សាហកម្មអាកាសចរណ៍ កំពុងផលប៉ះពាល់យ៉ាងដំណំដោយសារ COVID-19 ដែលបង្ខំឱ្យរដ្ឋាភិបាលជាច្រើនរឹតត្បិតការធ្វើដំណើរ, លុបចោលជើងហោះហើរ ធ្វើឱ្យបណ្ដាក្រុមហ៊ុនក្នុងវិស័យនេះ ប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានបញ្ជាក់ថា បុគ្គលិកដែលទទួលបានច្បាប់ឈប់សម្រាករយៈពេល ០៦ខែ រាប់ចាប់ពីថ្ងៃទី១៦ ខែមេសា ខាងមុខនេះតទៅ ឆ្លើយតបទៅនឹងវិបត្តិបច្ចុប្បន្ន ដែលកំពុងធ្វើឱ្យអាជីវកម្មក្រុមហ៊ុនរងការខូចខាត។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមផងដែរថា ជាការអនុវត្តតាមច្បាប់ការងារកូរ៉េខាងត្បូង បុគ្គលិកនឹងទទួលបាន ៧០ភាគរយនៃប្រាក់ខែធម្មតារបស់ពួកគេ ហើយដែល ៩០ភាគរយនៃប្រាក់ខែនេះ ទទួលបានការផ្ដល់ហិរញ្ញវត្ថុពីរដ្ឋាភិបាល សម្រាប់ឧស្សាហកម្មដែលត្រូវការជំនួយជាពិសេស ដោយសារតែបញ្ហា COVID-19៕